រាជធានីភ្នំពេញ ៖ បន្ទាប់ពី លោក ឡា ពិសិដ្ឋ ឬ ពូឈីវ ដែលស្គាល់ថាជាអ្នកគាំទ្រកីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាព និងជាអ្នកបំផុស ចលនាក្នុងការសម្អាតបរិស្ថាន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន បានភ្ជាប់ពាក្យមុខមេបាទាំងខាង រួមគូស្នេហ៍ជាស្រីស្អាតវ័យក្មេងសម្រស់គាប់នេត្រាកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០រួចមកនោះ គេឃើញមានមនុស្សជាច្រើនមានការសាទរ និងភ្ញាក់ផ្អើលជាខ្លាំង ហើយក៏បានចោទសួរសន្ធឹកសន្ធាប់ជុំវិញចំណុចផ្ដើមនៃចំណងស្នេហ៍ខុសវ័យមួយនេះផងដែរ។

យ៉ាងណាក្ដី ជុំវិញសំនួរចោទសួរហូរហែមិនដាច់នេះ គេក៏ឃើញអនាគតភរិយាដ៏ស្រស់ស្អាតរបស់ ពូឈីវ ក៏បានចេញសារផ្ដល់ចម្លើយបំបាត់ចម្ងល់ ដោយរៀបរាប់យ៉ាងផ្អែមល្ហែមថា៖ «ស្នេហាពូក្មួយ ស្នេហាតាមរយៈសំរាម គេសួរខ្ញុំថាម៉េចទៅយកគាត់វិញចាស់ជាងខ្ញុំច្រើនណាស់ ថែមទាំងមិនសូវសង្ហាដូចអ្នកញ៉ែខ្ញុំពីមុនទេ នេះជាចម្លើយខ្ញុំផ្ដល់ឲ្យអ្នកគាត់អាយុច្រើនមែន គាត់មិនសូវសង្ហាមែន តែបើសួរវិញថា អ្នកផ្សេងអាចផ្ដល់ភាពកក់ក្ដៅដូចគាត់ផ្ដល់ឲ្យខ្ញុំជំនួសឪពុកខ្ញុំបានទេ ពេលខ្ញុំឈឺយប់ព្រលប់នៅទ្រាំអត់ងងុយមើលខ្ញុំទេ ពេលខ្ញុំឃ្លានអាចធ្វើជាចុងភៅធ្វើម្ហូបអោយខ្ញុំបានទេ អាចធ្វើជាតួកំប្លែងឲ្យខ្ញុំសើចបានទេ»។

នារីវ័យក្មេងគូដណ្ដឹងស្មោះស្ម័គ្ររបស់ពូឈីវ ដែលផ្ដើមស្នេហាតាមរយៈសំរាមនេះ បានបន្តថា៖ «ពេលខ្ញុំចង់ដើរលេងអាចធ្វើជាម៉ូតូឌុបដឹកខ្ញុំដើរលេងបានទេ ពេលខ្ញំមានបញ្ហាអាចចាំជួយដោះស្រាយខ្ញុំទេពេលខ្ញុំខឹងអាចធ្វើជាអ្នកណែនាំខ្ញុំឲ្យស្ងប់អារម្មណ៍ទេ ស្រលាញ់គ្រួសារខ្ញុំដូចស្រលាញ់ខ្ញុំទេមនុស្សប្រុសដែលអាចទទួលយកធម្មជាតិរបស់ខ្ញុំបាន ហើយទោះមានភ្លៀង មានផ្គរ ក៏គេនៅតែសប្បាយចិត្តនៅជាមួយខ្ញុំដោយមិនហត់នឿយ។ ខ្ចិលរៀបរាប់ច្រើនកុំឲ្យម្ចាស់សាមីខ្លួនអំភើបពេលកំពុងអាន តិចថាអានហើយអំភើបឈប់សងលុយទៅរៀបការហើយស៊ីការលើសដើម»៕