រាជធានីភ្នំពេញ៖ បើទោះបីជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប ជាបុគ្គលពោរពេញដោយភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិវាល់លាន រស់នៅក្នុងវីឡាប្រណិត មានជីវិតដ៏ស្តុកស្តម្ភក៏ពិតមែន ប៉ុន្តែអ្នកឧកញ៉ា និងលោកជំទាវតែងតែប្រើប្រាស់ជីវិតសាមញ្ញ មិនដែលបញ្ចេញ ឬសម្ញែងទ្រព្យឡើយ ដែលចំណុចនេះហើយតែងទទួលបាននូវកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសស្ងើចសរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា ជួយសង្គ្រោះអ្នកជួបទុក្ខលំបាក និងតែងតែរួមចំណែកក្នុងកិច្ចការសង្គមមិនដែលរំលងផងដែរ។

ជាកស្ដែងមុននេះ ថៅកែផលិតកម្ម Galaxy Navatra រួមនិងលោកជំទាវ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញរបៀបស្រុកស្រែចម្ការ ជិះម៉ូតូចាស់លំហែកម្សាន្តនៅតាមវាលស្រែ ហាលខ្យល់ ហាលក្ដៅ តែពោរពេញដោយស្នាមញញឹម សេចក្ដីសុខ និងសុភមង្គលក្រៃលែង។ ដែលរូបភាពនេះ បានអន្ទងយកការសរសើរសន្ធឹកសន្ធាប់ពីមហាជន ចំពោះអ្នកឧកញ៉ា និងលោកជំទាវ ដែលតែងដាក់ចិត្តដាក់កាយធ្វើជាបុគ្គលសាមញ្ញ ព្រមទាំងជូនពរដូច្នេះថា«លោកប្អូនពេញចិត្តលក្ខណៈសម្បត្តិរបស់បងអ្នកឧកញ្ញ៉ា និងបងស្រីជំទាវ ខ្លាំងណាស់ ទោះបីមានទ្រព្យប៉ុណ្ណាក៏ដោយ តែមិនបោះបង់ចោល ភាពសាមញ្ញា របស់បងទេ។ លោកប្អូនជូនពរបង និងក្រុមគ្រួសារ មានសុខភាពល្អ កាយពលមាំមួន មានព្រះជន្មយឺនយូរ និងឈ្នះមារសត្រូវគ្រប់ទិសទី. ការរកស៊ីរបស់បងកាន់តែរីកចម្រើនទៅមុខរហូត»៕