រាជធានីភ្នំពេញ ៖ កាលពីចុងខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនអ្នកនិយមតាមដានទស្សនាកម្មវិធីប្រកួត Miss Grand Cambodia ប្រាកដជាបានដឹងរួចមកហើយ ពីរឿងរ៉ាវចម្រូងចម្រាសដែលល្បីកក្រើកប្រទេសរវាងអតីតម្ចាស់ពានលំដាប់បវរកញ្ញាឯក Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា និងផលិតកម្ម មហាហង្ស រហូតឈានដល់ប្រកាសបញ្ចប់កិច្ចសន្យាការងារផ្សេងៗ និងដកតំណែងផងដែរ ។

បើទោះជាត្រូវបញ្ចប់ដំណែងពីម្ចាស់ពានបវរកញ្ញាឯកយ៉ាងណាក្ដី តែកញ្ញា សេង រដ្ឋា នៅតែបន្តទទួលបានការគាំទ្រពីសំណាក់មហាជន ពិសេសគឺសកម្មភាពនៅលើវិថីសិល្បៈកំពុងតែមានហាងឆេង។ ជាក់ស្ដែង អតីតបេក្ខនារីរូបស្រស់កម្ពស់១,៧៣ម៉ែត្រ តំណាងមកពីខេត្តកំពង់ធំកញ្ញា សេង រដ្ឋា កំពុងត្រៀមខ្លួនថតខ្សែភាពយន្ដមួយក្នុងនាទីជាតួឯកស្រី ។

នេះបើយោងតាមការឱ្យដឹងពីតារាសម្ដែងលោក សាវិន ហ្វីលីព ដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះយ៉ាងដូច្នេះថា «ភាពយន្តភាគថ្មី រឿង «បាបស្នេហ៍អតីត» នឹងធ្វើពិធីក្រុងពាលីនៅថ្ងៃស្អែកទី០៣ កុម្ភៈ ២០២១ ម៉ោង៧ព្រឹកនៅផលិតកម្ម Ad Music ។ កញ្ញា សេង រដ្ឋា ទទួលបានតំណែងថ្មីជាតួឯកស្រី, ហើយខ្ញុំនឹងសម្ដែងជាឪពុករបស់លោក ឃឹម ហ្សានីត ដែលនឹងសម្ដែងជាតួឯកប្រុស» ៕