រាជធានីភ្នំពេញ ៖ បើទោះជាបានបាត់មុខពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដោយទៅរស់នៅក្រៅប្រទេសក៏ពិតមែនក្ដី តែកេរិ៍ឈ្មោះនិងខ្សែភាពយន្តរបស់លោក ស៊ុក សុភា ដែលសម្ដែងកន្លងមកនៅតែដក់ជាប់ក្នុងដួងចិត្តរបស់អ្នកគាំទ្រ ពិសេសគឺខ្សែភាពយន្ដខ្មែររឿង «ទុំទាវ» តែម្ដង ។ លោក ស៊ុក សុភា បានដើរចេញពីវិថីសិល្បៈដោយទៅរស់នៅក្រៅប្រទេស ពោលគឺប្រទេសអូស្ត្រាលី ដែលធ្វើឱ្យមហាជនមានការនឹករលឹកជាពន់ពេក ខណៈមកដលពេលនេះអ្នកខ្លះចង់ដឹងពីពេលវេលារនៃការវិលត្រឡប់មកលេងប្រទេសកម្ពុជា និងចង់ឱ្យលោកសម្ដែងរឿងជាថ្មីម្ដងទៀតថែម​ទៀតផង ។

តែយ៉ាងណាស្របពេលដែលមហាជនកំពុងមានចម្ងល់ និងចង់ឱ្យត្រឡប់មកលេងទឹកដីកំណើតនេះក៏មានការលើកឡើងថា លោក ស៊ុក សុភា មិនអាចមកលេងស្រុកខ្មែរបាន គឺដោយសាររវល់កិច្ចការងារផ្សេងៗ ខណៈ​ស្ថានការណ៍ជំងឺកូវីដ១៩កំពុងរាតត្បាតសកលក៏មិនទាន់មានភាពធូរស្រាលផងដែរ ។ តែសំណេរឆ្លងឆ្លើយជាមួយតារាសម្ដែង ជា សុវណ្ណនរាហ៍ អំពីការវិលត្រឡប់មកស្រុកខ្មែរវិញនេះ ក្នុងប្រ​អប់មតិដែលបង្ហោះរំ​លឹក​អតីតកាលជាង១០ឆ្នាំមុនជាតួឯកក្នុងរឿង «ទុំទាវ» លោក ស៊ុក សុភា បានបញ្ជាក់ពីមូលហេតុបែបលេងសើច​ថា៖ «ពុំទាន់ដឹងពេលណាបានទៅលេងទេ ​ បើទៅក៏ពុំមានពេលនៅបានយូរដែរ​ដោយ​សារមានភារកិច្ចត្រូវមើលកូនតូច» ៕