រាជធានីភ្នំពេញ ៖ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រជួយសង្គម នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហោះសំណេរខ្លីមួយស្នើដល់ក្រសួងពាក់ព័ន្ធទាំងអស់គួរចាត់វិធានការ និងបង្ក្រាបរាល់ការឡាយលក់ផលិតផលពង្រីកសុដន់តាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សីលធម៌សង្គម ពិសេសធ្វើឱ្យតម្លៃស្ត្រីខ្មែរធ្លាក់ចុះ ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការលោក ហេង ឡុង បានរៀបរាប់ដោយសំណេរយ៉ាងដូច្នេះថា៖ «ការឡាយលក់ផលិតផលពង្រីកសុដន់តាមអនឡាញមួយចំនួន ធ្វើឲ្យប៉ះពាល់សីលធម៌សង្គម តម្លៃស្ត្រីធ្លាក់ចុះ សំណូមពរឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការបង្ក្រាប» ។ ជាមួយការលើកឡើងរបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈចិត្តជួយសង្គមនេះដែរ បងប្អូនប្រជាពលរដ្ឋជាច្រើនបានគាំទ្រ និងសូមឱ្យក្រសួងចាត់វិធានការឱ្យបានលឿនថែមទៀតផង ៕