ភ្នំពេញ​ ៖​ជា​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ​ ឬថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់ គេ​តែង​កត់សម្គាល់ឃើញ​យុវវ័យ​ប្រុស​-​ស្រី​ខ្មែរ​មួយចំនួនតែងតែមានសកម្មភាព​ជ្រួលជ្រើម ​ ​ ដោយនាំគ្នា​យល់ច្រឡំ​ថា ​ជា​ថ្ងៃបុណ្យ​សង្សារ​ ប្រាសចាក​ពី​អត្ថន័យ​ពិត​ដែល​ត្រូវបាន​កំណត់ឡើង ។ដោយសារតែមើលឃើញពីការយល់ច្រឡំ​ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង ​និង​សង្គមជាតិ​នេះ ទើបក្រសួង​អប់រំ​យុវជន​និង កីឡា​បាន​ដាក់ចេញ​នូវ​បទបញ្ជាផ្ទៃក្នុង ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សាសាធាណៈ និងចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ -១៩ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំនូវវិធានការទប់ស្កាត់ សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ (១៤ កុម្ភៈ) នៅតាមគ្រឹះស្ថានសិក្សាសាធាណៈ និងឯកជនក្នុងឆ្នាំ ២០២១ដូចតទៅ៖

១- ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ តាមរយៈការប្រជុំនៅពេលគោរពទង់ ជាតិកុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ។ ២- ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដាន វត្តមានរបស់សិស្សានុសិស្សឱ្យបានជាប់លាប់ ។ ៣- ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ប្រចាំសាលារៀនតាមរយៈសកម្មភាព មិត្តអប់រំមិត្ត ។ ៤- ត្រូវអប់រំណែនាំដល់សិស្សានុសិស្ស អំពីសារៈសំខាន់នៃវិធានការសុវត្ថិភាពសុខភាពសិក្សា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ៥- ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីផ្តល់ និង ទទួលព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីនានា ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បី សហការទប់ស្កាត់ និងអប់រំណែនាំកែលម្អឱ្យបានទាន់ពេលវេលា។ ៦- ត្រូវបន្តពង្រឹងការអនុវត្តប្រកាសលេខ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ២៧៨៦ អយក .ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ៕