រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមលក់ឡេល្បីឈ្មោះ អាជី ដែលសម្ដែងរឿង «ទុំទាវ២០២១» ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សីលធម៌សង្គម និងតម្លៃព្រះពុទ្ធសាសនា ពេលនេះបានចូលខ្លួនទៅដោះស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ ។

ដោយឡែកទន្ទឹមគ្នានេះ ក៏ស្រាប់តែលេចមុខបុរសម្នាក់ដែលជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Tawan Jalerm official បានចេញមុខបួងសួងទេវតាឱ្យតាមថែរក្សាអាជីដែលកំពុងចូលខ្លួនដោះស្រាយនេះ ដោយសំណេរយ៉ាងមានន័យដូច្នេះថា «ថ្ងៃនេះថ្ងៃទី10ហើយ សូមទេវតា តាមថែរក្សា ក្មេងស្រីពូកែរកស៊ីទាំងពីរដែលធ្វើខុសចេះទទួលស្គាល់កំហុសនេះផង ទុកជាគំរូ ការរកស៊ី ដល់ស្រ្តីខ្មែរដ៏ទៃទៀត ត្រូវដឹងថាចាយលុយកំលាំងប្ដីមិនស្រួលទេ» ។

រំភេចភ្លាមនោះ មហាជនស្ទើមួយនគរបានសម្ដែងការមិនពេញចិត្ត និងរិះគន់យ៉ាងចាស់ដៃ ដោយអ្នកខ្លះបានលើកឡើងថាការធ្វើរបស់បុរសខាងលើនេះ គឺជាទង្វើអែមអបលើកជើងខុសទំនង ខណៈដែលលោកអាចារ្យធំក៏ទប់មិនជាប់ យកបង្ហោះលើទំព័រហ្វេសប៊ុកភ្ជាប់សំណេរជាសំណួរថា «គំរូដល់ស្ត្រីខ្មែរ?» ៕