រាជធានីភ្នំពេញ៖ ក្រោយចូលខ្លួនបំភ្លឺតាមការអញ្ញើញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពេលនេះ Page Hokima និងអ្នកសំដែងរឿង ទុំទាវ២០២១  ដែលបានការថតកាឡៃរឿង ទុំទាវ ធ្វើឱ្យមានផលប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិនោះ បានធ្វើកិច្ចសន្យាចំនួន៨ចំណុច ដោយក្នុងនោះពួកគេ និងធ្វើការចេញវីដេអូសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ជាមួយគ្នានោះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ក៏បានសម្រេចដកហូត Page Hokima យកមកបិទទាំងស្រុងតែម្ដង។

គួរបញ្ជាក់ផងថា កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបន្ទាន់មួយដើម្បីអញ្ញើញដល់ម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ២០២១ ទាំងអស់ឱ្យចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ «បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ» ដើម្បីចូលបំភ្លឺ ករណីការថតកាឡៃរឿង ទុំទាវ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់អក្សសិល្ប៍ខ្មែរ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិទាំងមូល ៕