រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជី អាម៉ី និងក្រុមសម្ដែងរឿងទុំទាវ២០២១ បាន ចូលខ្លួនបំភ្លឺតាមការអញ្ញើញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ដើម្បីដោះស្រាយចំពោះការថតកាឡៃរឿង ទុំទាវ ធ្វើឱ្យមានផលប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិនោះ ដោយបានធ្វើកិច្ចសន្យាចំនួន៨ចំណុច ដោយក្នុងនោះពួកគេ និងធ្វើការចេញវីដេអូសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ ជាមួយគ្នានោះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ក៏បានសម្រេចដកហូត Page Hokima និងគណនី Tik Tok AhGi Leader261 យកមកបិទទាំងស្រុងផងដែរ ។

យ៉ាងណាមិញ ក្រោយចប់ការបំភ្លឺភ្លាម ស្រាប់តែ តេង ស៊ីណាត ហៅ អាជី ដែលជាអ្នកដឹកនាំសម្ដែង និងនិពន្ធសាច់រឿង ទុំទាវ២០២១ដោយផ្ទាល់នោះ ក៏បានចេញសារភ្លែត រៀបរាប់យ៉ាងវែងអន្លាយបង្ហាញការឈឺចាប់ដែលខ្លួនបានឆ្លងកាត់ភ្លាមថា«ថ្ងៃនេះនាងខ្ញុំអាជីសូមសសេរstatus ជាលើកចុះក្រោយហើយក៏សូមសន្យាថានឹងមិនសសេរវាទៀតទេ មនុស្សដូចខ្ញុំធ្លាប់ឆ្លងកាត់កាឈឺចាប់មកជាច្រើនលើកច្រើនសាររហូតដល់ពេលខ្លះខ្ញុំខ្លាចមនុស្សជុំវិញខ្លួន តែខ្ញុំមិនដែរស្អប់រឺគុំគួននឹងនាក់ណាទេ តែអ្វីដែរខ្ញុំចង់យាយថ្ងៃនេះខ្ញុំចង់ប្រាប់ថាសំរាប់មនុស្សដែរខ្ញុំស្រលាញ់ទោះជាគេខុសយ៉ាងណាក៏ដោយ ទោះគេមិនល្អគ្រប់យ៉ាង ដូចនាក់ដទៃ ទោះគេកើតអីក៏ខ្ញុំមិនដែរស្អប់រឺខ្ពើមគេម្ដងណាឡើយ តែអ្វីដែរខ្ញុំចង់បាន2គេគឺភាពយកចិត្តទុកដាក់មកលើខ្ញុំ ចេះបារម្មណ៍2ខ្ញុំហើយមិនទុកខ្ញុំចោលអោយឯកកោទៅបានហើយ នេះជាកាសសេរstatusលើកចុងក្រោយហើយ អរគុណពិភពលោកទាំងមូលដែរបង្កើតខ្ញុំមកអោយស្គាល់គ្រប់រស់ជាតិន័យជីវិត»។

គួរបញ្ជាក់ផងថា កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបន្ទាន់មួយដើម្បីអញ្ញើញដល់ម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ២០២១ ទាំងអស់ឱ្យចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ «បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ» ដើម្បីចូលបំភ្លឺ ករណីការថតកាឡៃរឿង ទុំទាវ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់អក្សសិល្ប៍ខ្មែរ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិទាំងមូល ៕