រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃចូលឆ្នាំចិន និងវៀតណាម សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី បានថ្លែងសារអបអរសាទរ និងជូនពរបងប្អូនជនរួមជាតិ ក៏ដូចជាការអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន និងការធ្វេសប្រហែសផ្សេងៗ ដែលអាចបង្កឱ្យមានអគ្គីភ័យកើតឡើង ។

ថ្លែងសារនៅទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ដោយសំណេរយ៉ាងដូច្នេះថា៖ «ជូនពរថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai 2021 ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសូងសុខាភិបាល ។

បន្ថែមពីនេះសម្ដេចបន្តថា ក្នុងថ្ងៃនេះក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។  ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ ។ អរគុណសន្តិភាព ៕