រាជធានីភ្នំពេញ ៖ ស្របពេលដែលប្រជាពលរដ្ឋខ្មែរមានជាប់សែស្រឡាយចិន ក៏ដូចជាសិល្បករសិល្បៈការនីជាច្រើនក្នុងប្រទេសកម្ពុជាបាននាំគ្នាប្រារពពិធីសែនព្រេនយ៉ាងគគ្រឹកគគ្រេងក្នុងថ្ងៃចូលឆ្នាំប្រ​ពៃណីចិន និងវៀតណាម ដោយគ្រប់គ្នាបានបង្ហាញនូវអារម្មណ៍រីករាយជួបជុំគ្រួសារ និងបងប្អូនជូនពរសូមជោគសូមជ័យ តែតារាស្រីចំនួនពីររូប ពោលគឺអ្នកនាង ទឹម រដ្ឋា និង សូ ដានីតា បែរបង្ហាញនូវអារម្មណ៍ក្ដុកក្ដួលរៀបរាប់ស្ទើរអួលដើមក ព្រោះមិនមានវត្តម្ដាយ ។

ដោយម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុក ទឹម រដ្ឋា បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃសិរីសួស្ដី ចូលឆ្នាំប្រពៃណីចិនជាមួយបងប្អូនជុំគ្រួសារដោយភ្ជាប់សំណេរយ៉ាងដូច្នេះថា៖ «Happy Chinese New Year ឆ្នាំនេះហ៊ុងស៊ុយពណ័លឿង ក៏ជាឆ្នាំដំបូង ហើយក៏ជារៀងរហូតរាល់ពេលចូលឆ្នាំចិន ដោយគ្មានម៉ាក់ Pan RaNy នៅមួយកូនៗនិងប៉ា តែកូនៗនិងគ្រួសារនៅតែចងចាំ អ្នកម្ដាយនៅក្នុងបេះដូងជារៀងរហូតដល់ថ្ងៃបញ្ចប់ នាងខ្ញុំនិងក្រុមគ្រសារ សូមជូនពរ ពុកម៉ែបងប្អូនប្រជាពរដ្ធខ្មែរមានសុខភាពល្អ រកស៊ីមានបាន និងជៀសឆ្ងាយពីជំងឺ COVID 19» ។

ដោយឡែកតារាស្រីដែលត្រៀមសម្រាលកូនដំបូងអ្នកនាង សូ ដានីតា វិញ ក៏បានរៀបរាប់ភ្ជាប់ដោយអារម្មណ៍រីករាយ និងក្ដុលក្ដួលថា៖ «ឆ្នាំទី១ ហើយក៏លើកទី១ដែរ ដែលបានអាំងប៉ាវពីប្អូនស្រីពៅ Vi Ya លុយក្នុងអាំងប៉ាវមានម៉ានមិនសំខាន់ៗគ្រាន់តែដឹងថា ប្អូនៗមានលទ្ធភាពឱ្យអាំងប៉ាវ នឹង ចេះដឹងជួយអោយលុយទុកទិញរបស់របរសែន គឺបានន័យថា ប្អូនៗអាចចេះរកស៊ីមានបានដោយខ្លួនឯងហើយ នេះជាអ្វីដែលបងស្រីម្នាក់នេះ ចង់បាន តែមិនមែនអាំងប៉ាវទេ គឺចង់បានអោយប្អូនៗចេះដឹងនឹងចេះរកស៊ីមានបានដោយខ្លួនឯង… ឆ្នាំនេះជូនពរប្អូនៗក្មួយៗ រកស៊ីមានបាន នឹងជូនពរបងស្ររីទី២ឆាប់ជាសះស្បើយ» ។ បន្ថែមពីនេះ សូ ដានីតា បានរៀបរាប់ដោយអារម្មណ៍ក្ដុកក្ដួលទៀតថា៖ «(ស្តាយណាស់ បើម៉ាក់នៅ ម៉ាក់ប្រាកដសប្បាយចិត្ត ដែលឃើញកូនៗចេះប្រឹងរស់ដោយខ្លួនឯងបានបែបនេះ)» ៕