រាជធានីភ្នំពេញ៖ថ្មីៗនេះ គេឃើញមានវីដេអូរបស់យុវជនមួយក្រុម បានប្រើប្រាស់ពាក្យសម្ដីជេរបញ្ចោរ ហែកហួរឈ្លើយៗ យកមកធ្វើជាទំនុកច្រៀងលេងសើច និងរាំកម្សាន្តដើម្បីភាពសប្បាយរីករាយ ប៉ុន្តែការលែងសើចលើសកម្រិតហាក់គ្មានសីលធម៌ក្នុងខ្លួននេះ កំពុងទទួលរងនូវការរិះគន់សន្ធឹកសន្ធាប់ពីមហាជនគ្រប់វ័យ ដោយចាត់ទុកថាទង្វើនេះធ្វើមកហាក់គ្មានខួរក្បាលគិតទាល់តែសោះ ពោលគឺពាក្យសម្ដីសុទ្ធអសីលធម៌ខ្លាំងមិនអាចទទួលយកបានតែម្ដង។

យ៉ាងណាក្ដី ជុំវិញវីដេអូច្រៀងជេរបញ្ចោរអាសអាភាសហាក់គ្មានគិត ហើយយកមកបង្ហោះជាសាធារណៈដែលជាគម្រូមិនល្អនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនបានធ្វើការចែករំលែកបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង ដោយមានទាំងការប្រើប្រាស់សម្ដីដៀលប្រមាថ និងរិះគន់ជាខ្លាំងផងដែរ ដោយក្នុងនោះក៏មានការសំណូមពរសន្ធឹកសន្ធាប់ទៅកាន់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចំពោះទង្វើស្មោគគ្រោកគួរស្អប់ខ្ពើមនេះជាបន្ទាន់ ដើម្បីកុំឲ្យបន្តធ្វើឲ្យតម្លៃសង្គមកាន់តែធ្លាក់ចុះព្រោះពពួកមនុស្សអសីលធម៌ទាំងនេះ៕