រាជធានីភ្នំពេញ៖ ជាការពិតណាស់ មហាជនជាច្រើនច្បាស់ស្គាល់ហើយ ពូឈីវ ដែលជាអ្នកគាំទ្រ​បាល់ទាត់​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​អ្នក​បំផុស​ចលនា​ផ្នែក​បរិស្ថាន ជាពិសេសរួមចំណែកថែរក្សាអនាម័យ និងរើសសំរាម​ក្នុងទីលានកីឡាដ្ឋានរាល់ពេលមានការប្រកួត ព្រមទាំងចូលរួមរាល់សកម្មភាពសប្បុរសធម៌នានាក្នុងសង្គមទៀតនោះ ទើបទង្វើល្អដ៏នេះបានធ្វើឲ្យលោកទទួលបានការសរសើរ គាំទ្រ និងស្រឡាញ់ចូលចិត្តសន្ធឹកសន្ធាប់ផងដែរ។

យ៉ាងណាក្ដី មកទល់នឹងពេលនេះ ពូឈីវ នៅតែជាបុគ្គលដ៏ល្អម្នាក់សម្រាប់មនុស្សគ្រប់រូបគួរយកគម្រូតាមផងដែរ ដោយសារតែក្រៅពីថែរក្សាបរិស្ថានស្អាតល្អហើយនោះ  ពូឈីវ ក៏បានបន្តគំនិតបំផុសស្មារតី មហាជនក្នុងការថែរក្សាកេរដំណែលដូនតា  តាមរយៈការថតរូប Pre Wedding នៅលើស៊ីក្លូ រួមអនាគតភរិយា ដែលភ្ជាប់ដោយសំណេរបង្ហាញទឹកចិត្តអភិរក្សក្នុងនាមជាកូនខ្មែរថា«[គូស្នេហ៍​ថែស៊ីក្លូ]អភិរក្សអត្តសញ្ញាណខ្មែរ តាមរយៈ​គូស្នេហ៍​ ធ្វើទានជាមួយលោកតាៗចំណាស់ៗអ្នកធាក់ស៊ីក្លូដ៏កំសត់មិនខ្លាចនឿយហត់ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ ដែល​ពួកគាត់បានចំណាយពេលជាងពាក់កណ្តាលជីវិតក្នុងការយកស៊ីក្លូធ្វើជាមុខរបរ និងធ្វើជាផ្ទះ។ នេះជាការរួមចំណែក​អភិរក្ស​កេរដំណែល​ដូនតា​ កុំចាំបាត់ទើបស្តាយ! សូមអរគុណ»៕