រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យអ្នករត់ឡាន TAXI និងម៉ូតូកង់បី (PassApp) ដែលធ្លាប់បានដឹកភ្ញៀវនៅតាម ២៣ទីតាំង សូមទៅធ្វើតេស្តរកជំងឺកូវីដ១៩នៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អំពាវនាវឲ្យអ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនថា បានប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។ មន្រ្តីសាលារាជធានីភ្នំពេញ ក៏បានប្រាប់សារព័ត៌មានបន្ថែមលើការជូនដំណឹងរបស់ក្រសួងសុខាភិបាល បង្ហាញពីទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» នោះ ក្រសួង និងសាលារាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនរបស់យើងដែលរត់ឡានតាក់ស៊ី និងរត់ម៉ូតូកង់បីឥណ្ឌា (PassApp) ធ្លាប់ចេញ​ចូល និងធ្លាប់ដឹកភ្ញៀវចេញពីទីតាំងទាំង២៣នេះ សូមទៅយកសំណាកនៅកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែកុម្ភៈនេះ ដើម្បីស្វែងរកជំងឺកូវីដ១៩ ។

ទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រួមមាន៖

  • ក្លិប N8 សង្កាត់ទួលស្វាយព្រៃ
  • Casa By Meridian កោះពេជ្រ
  • Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣
  • City Confort សង្កាត់បឹងព្រលឹត
  • The Bridge សង្កាត់ទន្លេបាសាក់
  • The Point Service Apartemt សង្កាត់ផ្សារដើមគរ
  • Mekong Street សង្កាត់ជ្រោយចង្វារ
  • Pent House Apartment សង្កាត់ទន្លេបាសាក់
  • Skyline Dumex សង្កាត់មិត្តភាព
  • Somet Condoninium សង្កាត់វាលវង់
  • Residence L Olymic សង្កាត់អូឡាំពិច
  • Prince Plazza Centre សង្កាត់ទន្លេបាសាក់
  • Celests Skybar សង្កាត់ទន្លេបាសាក់
  • Diamond Twin កោះពេជ្រ
  • Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ
  • ក្លិប Coco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ
  • Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់
  • ហាង The World សង្កាត់បឹងត្របែក
  • ហាង វ័នមែនសិន សង្កាត់បឹងត្របែក
  • ក្លិប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច
  • Love ក្រោយអ៉ិធូ សង្កាត់បឹងរាំ
  • វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី
  • សាលា SIS សង្កាត់ផ្សារដើមគរ ។

ក្រសួងបន្តអំពាវនាវយ៉ាងដូច្នេះថា «បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ សូមអញ្ជើញមកធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រៃនៃរាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាច់ ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដានសុខភាព ជារៀងរាល់ថ្ងៃ» ។

ក្រសួងបន្តថា ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកម្ដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬ ពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីជួយអន្តរាគមន៍សុខភាព បានទាន់ពេលវេលា ៕