រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃ និងមានសំណើព្រោងព្រាតឱ្យអាជ្ញាធរមានវិធានការលើបុរសម្នាក់ដែលមានគណនី Tik Tok ឈ្មោះ ពូ ហុន ដែលបាននិពន្ធចម្រៀងច្រៀងសប្បាយទាញយកភាពល្បីល្បាញមិនខ្វល់ផលប៉ះពាល់សេចក្ដីថ្លៃថ្នូរសីលធម៌សង្គម និងកិតិ្តយសស្ត្រីខ្មែរនោះ ពេលនេះត្រូវបានសមត្ថកិច្ចហៅមកអប់រំហើយ ។

នេះយោងតាមការឱ្យដឹងពីក្រុមកាងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ បានបញ្ជាក់តាមបណ្ដាញសង្គមយ៉ាងដូច្នេះថា «ក្រោយទទួលបានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត ឱ្យស្រាវជ្រាវគណនី tik tok ឈ្មោះពូហុន ដែលបានច្រៀងចម្រៀង reb remix បទ”ឆ្នាំថ្មី ២០២១ KD ឡើងថ្លៃ” ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរសីលធម៌សង្គមរបស់ខ្មែរយើង ពិសេសធ្វើឱ្យមហាជនអ្នកនិយមបណ្ដាញសង្គមធ្វើការរិះគន់យ៉ាងខ្លាំង និងសំណូមពរស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលជាម្ចាស់គណនីតិកតុក ឈ្មោះពូហុន នេះទៅតាមច្បាប់ ។

នៅថៃ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវនិងអញ្ជើញបុគ្គលឈ្មោះ ហួន ហុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់តុនៅហាង BBQ សាច់អាំងមួយកន្លែងក្នុងក្រុងច្បារមន យកមកធ្វើការសាកសួរស្វែងរកប្រភពពិត បុគ្គលខាងលើបានទទួលស្គាល់សារភាពថាខ្លួនគឺជាម្ចាស់គណនីតិកតុកឈ្មោះពូហុន ពិតជាបានធ្វើបទចម្រៀងដែលមានអត្ថន័យមិនសមរម្យនិងបានបង្ហោះទៅក្នុង បណ្ដាញtik tok ចែកចាយជាសាធារណៈប្រាកដមែន» ។

បន្ថែមពីនេះប្រភពស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានបញ្ជាក់ទៀតថា ដោយសារខ្វះការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយការភ្លើតភ្លើនភ្លេចភ្លាំងមិនបានគិតពីតម្លៃនៃស្រ្ដីខ្មែរ ព្រោះតែចង់ល្បីនៅក្នុងបណ្ដាញសង្គមធ្វើឱ្យបុគ្គល ហួន ហុន ធ្វើនូវទង្វើមិនគម្បីដែលមហាជនមិនអាចទទួលយកបាន ក្រោយដឹងអំពីកំហុសបុគ្គល ហួន ហុន បានសុំការអធ្យាស្រ័យលើកលែងទោស និងសុំទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស អ្នកនិយមបណ្ដាញសង្គមមេត្តាអត់ឱនយោគយល់កុំប្រកាន់ទោសចំពោះទង្វើអសីលធម៌នេះផង ជាថ្មីម្ដងទៀត សូមមេត្ដាផ្ដល់ឱកាសដើម្បីបានធ្វើការកែខ្លួនជាថ្មី ហើយសូមប្ដេជ្ញាថា ចាប់ពីថៃ្ងនេះទៅឈប់លេងបណ្ដាញសង្គមទៀតហើយ» ៕
