រាជធានីភ្នំពេញ ៖ តារាសម្តែង និងជា វីជេ ដែលគេស្គាល់ឈ្មោះថា អាឡាស្កូ បានយំបង្ហូរទឹកភ្នែកចេញពីរាជធានីភ្នំពេញទៅខេត្តកំពង់ឆ្នាំង គ្រាដែលទទួលដំណឹងថា ម្តាយដែលលោកខំមើលថែ បានទទួលមរណភាពហើយ។

លោកមិនបានទៅដល់ទាន់ដង្ហើមចុងក្រោយនៃសពម្តាយនោះទេ ។ បែបនេះហើយ ទើបធ្វើឱ្យគ្រប់គ្នាអាណិតពន់ពេក ហើយ អាឡាស្កូ ទទួលយកសឹងតែមិនបានឡើយ នៅពេលបាត់បង់អ្នកមានគុណបែបនេះរហូតទៅ។

បើតាមវីជេ អាឡាស្កូ បានឱ្យដឹងថា «ខ្ញុំ និងក្រុមគ្រួសារមានទុក្ខយ៉ាងខ្លាំង ដោយសារតែអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំ ឈ្មោះ ធុច សុខុម បានទទួលមរណភាព វេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងព្រះជន្ម៦៨ឆ្នាំ ដោយរោគាពាធ»។

វីជេ អាឡាស្កូ បានឱ្យដឹងទៀតថា «សពអ្នកម្តាយរបស់ខ្ញុំ ធុច សុខុម នឹងហែចេញពីផ្ទះខាងជើងផ្សារលើ ទៅកាន់ឈាបនដ្ឋាន (កន្លែងបូជាសព) នៅវត្តធម្មរតនៈសាគរ ហៅអារាមកំពង់អុសលើ ខេត្តកំពង់ឆ្នាំង។ នេះជាដំណឹងបង្ហាញដល់មិត្តភក្តិ សិល្បករ ញាតិមិត្តជិតខាង ជ្រាបជាដំណឹង ហើយចូលរួមបុណ្យជាកម្លាំងចិត្ត»។

ក្រោយពីទទួលដំណឹងមរណភាពម្តាយ របស់វីជេ អាឡាស្កូ នេះភ្លាម អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានចូលរួមរំលែកទុកដល់ក្រុមគ្រូសាររបស់ អាឡាស្កូ និងបានចូលបុណ្យចំនួន ១.០០០ ដុល្លារផងដែរ៕



