រាជធានីភ្នំពេញ៖បើទោះបីជាបច្ចុប្បន្ន តារាចម្រៀងស្រីទម្រង់មុខសិចស៊ីគួរឲ្យស្រឡាញ់កញ្ញា ទេព បូព្រឹក្ស មិនជ្រកក្រោមទ្រនំផលិតកម្មណាមួយក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាព និងសន្ទុះការគាំ​ទ្រពីយុវវ័យហាក់មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ តាមរយៈការថតវីដេអូបង្ហាញពីការញ៉ាំរបស់ឆ្ងាញ់ៗជាច្រើនមុខ ការស្លៀកពាក់តុបតែងខ្លួនប្លែកៗស៊ីវិល័យ ជាពិសេសបង្ហាញភាពផ្អែមល្ហែមរួមគូស្នេហ៍ជារឿយៗនៅលើបណ្ដាញសង្គម  ដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើន កាន់តែស្រឡាញ់ចូលចិត្តខ្លាំងឡើងៗផងដែរ។

ស្របពេលដែលជីវិតកំពុងទទួលបានភាពជោគជ័យ សុភមង្គល និងក្ដីស្រឡាញ់ច្រើនសន្ធឹកនោះ បានធ្វើឲ្យ គូស្នេហ៍តារារ៉េបខ្ពស់ស្រឡះលោក ជី ដេវីត មានភាពរីករាយរៀងរាល់ថ្ងៃ ដែលធ្វើឲ្យសម្រស់របស់នាង កាន់តែស្រស់ស្អាតខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែង កាលពីម្សិលមិញនេះ ទេព បូព្រឹក្ស បានបង្ហោះរូបភាពរឮកអតីតកាលមួយសន្លឹករួម ជី ដេវីត បង្ហាញរូបសម្រស់កាលពីកំឡុងឆ្នាំ ២០១០ ពោលគឺកាលខ្លួននៅវ័យក្មេង ដោយភ្ជាប់នូវសំណេរសើចចេញពីចិត្តថា« ជំនាន់ 2010»។

យ៉ាងណាមិញរូបភាព នេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ចំពោះការប្រែប្រួលរូបសម្រស់ស្ទើទាំងស្រុងតែម្ដង ដោយក្នុងនោះមានអ្នកខ្លះបានបញ្ចេញមតិដោយលេងសើចបន្តិចថា« បងបូព្រឹក្ស​នៅតែស្អាត តែបងដេវីត ពីមុនចប់មិនបាច់មើលមុខទេ ហាហាហ»៕