រាជធានីភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ គេរមែងឃើញតារាចម្រៀងទ្រនំហង្សមាសលោក ខេមរៈ ​សិរីមន្ត តែងតែបង្ហោះវីដេអូ Cover ចម្រៀងមួយដែលជាបកស្រាយដោយកញ្ញាម្នាក់ឈ្មោះ អ៊ិត ជូលីណា  ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ​នាង មានស្ទីល និងទឹមដមសម្លេងពិរោះស្រដៀងទៅនឹងកញ្ញា ខេមរៈ ស្រីពៅ ស្ទើរ៩៥%ទៀតផង ដែលចំណុចនេះបានធ្វើឲ្យមហាជនជាច្រើនផ្ទុះមន្ទិលសង្ស័យថា« តើ អ៊ិត ជូលីណា ជាអ្នកណា? បានជាខេមរៈ យកចិត្តទុកដាក់ម៉្លេះ?តើវាសនានាងនឹងទៅជាយ៉ាងណា? អាចល្បីដូច ខេមរៈ ស្រីពៅ ទេ?

ជុំវិញការយកចិត្តទុកដាក់របស់ ខេមរៈ​សិរីមន្ត ចំពោះនារីវ័យក្មេង អ៊ិត ជូលីណា ត្រូវបានគេដឹងថាការពិត ដោយសារតែអ្នកទាំងពីរ មានជាប់សាច់ឈាមជាមួយគ្នា ពោលគឺម្ដាយ​របស់ ជូលីណា និង​ឪពុក​​របស់ ខេមរៈ សិរីមន្ត ត្រូវ​ជា​ជីដូនមួយ​នឹងគ្នា។ ដូច្នេះ​ពួក​គេ ទាំង​ពីរ ត្រូវ​​ជា​បង​ប្អូន​ជីទួត​មួយ​នឹង​គ្នា ហើយ​បើ​តាម​ប្រភព​មួយ បាន​ឲ្យ​ដឹង​ថា គ្រួសារ​អ្នក​ទាំង​ពីរ​​ជា​បង​ប្អូន​ស្និទ្ធស្នាល​គ្នា​ខ្លាំង។

យ៉ាងណាមិញ បន្ទាប់ពីសាងប្រជាប្រិយភាព តាមរយៈការ Cover ចម្រៀងហើយនោះ ថ្មីៗនេះ អ៊ិត ជូលីណា ក៏បានចេញបទថ្មី Original song ផ្ទាល់ខ្លួនផងដែរ និងកំពុងទទួលបានការគាំទ្រ និងកោតសរសើរសន្ធឹកសន្ធាប់ពីសំណាក់មហាជន ព្រមទាំងត្រូវបានមតិមួយចំនួនបានលើកឡើងដោយប៉ាន់ស្មានចំពោះអនាគត​នាងថា អាចនឹងមានវាសនាក្លាយជាតារាល្បីផងដែរ បើផ្អែកទៅលើទេពកោសល្យ រូបសម្រស់ និងសំឡេងល្អ ជាពិសេសមានការជួយជំរុញ និងត្រួសត្រាយផ្លូវយ៉ាងមុតមាំពីសំណាក់ ខេមរៈ​សិរីមន្ត ផងនោះជាហេតុធ្វើឲ្យ ជូលីណា អាច​នឹង​ស្នង​តំណែង ខេមរៈ ស្រីពៅ បានផងដែរ៕