ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៩ យប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ មាន​ហេតុ​ការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនារីរូបស្រស់ម្នាក់ត្រូវបានឃាតករអាករសម្លាប់យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងបន្ទប់ជួលមួយកន្លែងក្បែរគ្លីនិកនគររាជ្យ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នារីរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកបំរើការងារក្នុងកាស៊ីណូមួយកន្លែង ម្ដុំនាគទិព្វ២ ផ្នែក SlotSuper Machine ។

តាមការបញ្ជាក់តាមទូរសព្ទពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ករណីខាងលើនេះបានកើតឡើងតាំងពេលព្រឹក ពោលគឺកំឡុងពេលប្រមាណជិត៨ព្រឹកថ្ងៃទី០២ ខែមីនា ដោយជនសង្ស័យគឺជាជនជាតិខ្មែរ និងជាអ្នកជួលបន្ទប់ក្បែរគ្នា ។ ជនសង្ស័យបានធ្វើសកម្មភាពស្របពេលដែលនារីរងគ្រោះនៅបន្ទប់ជួលតែម្នាក់ឯង ហើយបានចាក់សោរពីខាងក្រៅដើម្បីកុំឱ្យមានការសង្ស័យ និងរត់គេចខ្លួនតែម្ដង ។

ជុំវិញករណីឃាតកម្មដ៏សាហាវព្រៃផ្សៃខាងលើនេះដែរ សមត្ថកិច្ចមិនបានបញ្ជាក់ថាបណ្ដាលមកពីមូលហេតុអ្វីនោះឡើយ ប៉ុន្តែសមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ និងបានកំពុងតែតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យរូបនោះដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕