បន្ទាយមានជ័យ ៖ កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនារីរូបស្រស់ម្នាក់ឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូមួយ ម្តុំនាគទិព្វ II ផ្នែក SlotSuper Machine ត្រូវបានឃាតករអារកសម្លាប់នៅក្នុងបន្ទប់ជួលលេខ ៥ ជាន់ទី១ ស្ថិតក្នុងភូមិក្បាលស្ពាន១ ម្តុំគ្លីនិកនគររាជ្យ ក្នុងសង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមការបញ្ជាក់តាមទូរសព្ទពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ករណីខាងលើនេះបានកើតឡើងតាំងពេលព្រឹក ពោលគឺកំឡុងពេលប្រមាណជិត៨ព្រឹកថ្ងៃទី០២ ខែមីនា ដោយជនសង្ស័យគឺជាជនជាតិខ្មែរ និងជាអ្នកជួលបន្ទប់ក្បែរគ្នា ។ ជនសង្ស័យបានធ្វើសកម្មភាពស្របពេលដែលនារីរងគ្រោះនៅបន្ទប់ជួលតែម្នាក់ឯង ហើយបានចាក់សោរពីខាងក្រៅដើម្បីកុំឱ្យមានការសង្ស័យ ដោយដោះគ្រឿងអលង្ការនៅជាប់នឹងខ្លួននាងអស់ រួចរត់គេចខ្លួនតែម្តង ។

យ៉ាងណានៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នេះ កងកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាបុរសជនជាតិខ្មែរ យកទៅសួរនាំក្រោយសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ ប៉ុន្ដែទោះជាយ៉ាងណា គេនៅមិនទាន់អាចបញ្ជាក់បានច្បាស់លាស់នៅឡើយទេថា នេះជាករណីប្លន់សម្លាប់ ឬ ជារឿងស្នេហាត្រីកោណនោះទេ ៕