រាជធានីភ្នំពេញ ៖ អ្នកលក់អនឡាញដ៏ល្បីល្បាញលោកស្រី ទ្រី ដាណា នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០​២១​នេះ បានបង្ហោះសាររំភើបក្រៃលែង និងមានមោទកភាពជាពន់ពេកចំពោះកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីបានបញ្ចប់បេសកកម្មដោយជោគជ័យ លើករណីប្លន់ជំរិតទារប្រាក់១លាន់ដុល្លារនៅក្នុងបុរីអង្គរភ្នំពេញកាលពេលពីថ្មីៗនេះ ។

ជាមួយគ្នានោះដែរ អតីតអ្នកខោអាវតាមក្រោមឆ័ត្រ ហើយវិវត្តន៍ខ្លួនរហូតក្លាយជាអ្នកមានលុយវ៉ាល់លាន លោកស្រី ទ្រី ដាណា ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន២ម៉ឺនដុល្លារជូនចំពោះកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ចែងប្រើប្រាស់តាមតម្រូវការផ្សេងៗចំពោះមុខ ។

ដោយនៅលើទំព័រហ្វេសប៊ុកផ្លូវការ លោកស្រី ទ្រី ដាណា បានឱ្យដឹងក្នុងសំណេរយ៉ាងដូច្នេះថា «រំភើបចិត្តចំពោះប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបង្ក្រាបចោរប្លន់ទាន់ពេលវេលា នាងខ្ញុំ និងស្វាមី មានតែការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តបន្ថែម ជាមួយថវិកា ២ម៉ឺនដុល្លារ ដើម្បីចាត់ចែងប្រើប្រាស់ចំពោះតម្រូវការចំពោះមុខ ។ ពេលនេះពួកគាត់កំពុងមមាញឹកចុះការពារតាមមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ១៩ ដូចនេះយើងត្រូវរួមសាមគ្គីគ្នា» ។ បន្ថែមពីនេះលោកស្រី ទ្រី ដាណា បានលើកឡើងដោយពាក្យពេចន៍ជូនពរថា «សូមកងៗកម្លាំងយើងទាំងអស់ សម្រេចជោគជ័យគ្រប់ភារកិច្ច ក្នុងនាមខ្ញុំជាប្រជាពរដ្ឋមួយរូប ពិតជាមានភាពកក់ក្តៅខ្លាំងណាស់» ៕