ភ្នំពេញ៖ មរណភាពរបស់ភរិយា​ សរ ងួន ពិធីករទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ធ្វើឲ្យមនុស្សជាច្រើនបានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់នេះ។ ខណៈដែលពិធីបុណ្យសពម្ដាយត្រូវរៀបចំឡើងយ៉ាងស្រណោះស្រណោក កូនស្រីលោក សរ ងួន គឺបានត្រឹមតែសម្រក់ទឹកភ្នែកនឹកម្ដាយ មិនអាចចូលរួមពិធីបាន ដោយសារខ្លួនស្ថិតនៅមន្ទីរពេទ្យព្យាបាលនៅឡើយ។ រំពេចនោះ តារាសម្តែង ចន ច័ន្ទលក្ខិណា បានបញ្ចេញអារម្មណ៍ទុក្ខសោកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ក្មួយអើយក្មួយ យំនឹកម៉ាក់ រកម៉ាក់ អារម្មណ៍ស្លុតពេលឃើញម្តាយស្លាប់” ។ ទិដ្ឋភាពដ៏គួរឲ្យខ្លោចចិត្តនេះ អ្នកនាង ចន ច័ន្ទលក្ខិណា និងមនុស្សគ្រប់គ្នា ស្ទើរតែទប់ភ្នែកមិនបាន ព្រោះ អាណិតអាសូរកូនស្រីលោក សរ ងួន ​ជាពន់ពេក។

គួរបញ្ជាក់ផងដែរថា​ ឧប្បទេវហេតុដ៏គួរឲ្យរន្ធត់នេះ នេះកើតឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា នៅចំណុច ផ្លូវកោង ជ្រោះពេជ្រនិល កំណាត់ ផ្លូវជាតិលេខ៤ ដោយរថយន្តរបស់ ក្រុមហ៊ុន ស្រាបៀរមួយ បានបើកបុករថយន្ត របស់លោក សរ ងួន ពិធីករ និងជា នាយកព័ត៌មាន ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បណ្តាលឲ្យលោក និងកូនស្រី រងរបួស​ អ្វីដែលគួរឲ្យសោកស្តាយគឺភរិយាជាស្រឡាញ់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដង៕