ជារឿងមួយដ៏ភ្ញាក់ផ្អើល ខណៈដែលថ្មីៗនេះមានការទម្លាយឱ្យដឹងថា ចំណងស្នេហ៍អ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី និងកំលោះសង្ហាជាកីឡាករបាល់ទាត់ លី វ៉ាហេដ ពិតជាបានដើរដល់ផ្លូវបំបែកហើយ ។

កន្លងមកទំនាក់ទំនងស្នេហាដ៏ជ្រាលជ្រៅរវាងតារាសម្ដែងសាច់សខ្ចី សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេដ ត្រូវបានមនុស្សម្នារជាច្រើនដឹងតាមរយៈការបង្ហោះរូបភាពស្និតស្នាល និងភាសាផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គម ។ ប៉ុន្តែមួយរយៈប៉ុន្មានខែចុងក្រោយនេះ គេឧស្សាហ៍សង្កេតឃើញអ្នកមេម៉ាយកូនមួយរូបនេះ តែងតែបង្ហាញពីភាពស្រង៉ូតស្រង៉ាត់ និងតែងតែដើរហើរមាត់ស្ទឹងតែម្នាក់ៗឯង និងមិនដែលឃើញកៀកកើយដៃបុរសសង្ហា លី វ៉ាហេដ ទៀតឡើយ ។

ស្របពេលជាមួយគ្នាដែរនោះ ក៏មានចចាមអារ៉ាមមួយចំនួនបាននិយាយថា ចំណងស្នេហ៍របស់អ្នកទាំងពីរប្រហែលជាដើរដល់ផ្លូវបំបែក ។ ប៉ុន្តែដំណឹងនេះមិនត្រូវបានចាប់អារម្មណ៍ច្រើនឡើយ ហើយក៏បានស្ងប់ស្ងាត់ទៅវិញ ។

យ៉ាងណានៅថ្មីៗនេះរឿងរ៉ាវស្នេហារបស់ សុខ សោម៉ាវត្តី និងកំលោះ លី វ៉ាហេដ បានផ្ទុះឡើងសារជាថ្មីម្ដងទៀតបន្ទាប់ពីមានការអះអាងពីប្រភពជិតស្និតថា ពេលនេះទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ(សុខ សោម៉ាវត្តី និងលី វ៉ាហេដ) ពិតជាដើរដល់ផ្លូវបំបែកមែន ។

ថ្លែងប្រាប់សារព័ត៌មាន ប្រភពស្និតស្នាលនឹង សុខ សោម៉ាវត្តី បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ដំណឹងចចាមអារ៉ាមរឿងពិធីការិនីមេម៉ាយកូន សុខ សោម៉ាវត្តី និងកីឡាករខ្សែការពារ លី វ៉ាហេដ ប្រេះឆាស្នេហ៍នោះគឺជាការពិត ហើយពេលនេះពួកគេមិនមែនជាសង្សារនឹងគ្នាទៀតនោះទេ ។

បើទោះជាយ៉ាងណា ប្រភពដដែលមិនប្រាប់ពីរឿងរ៉ាវដែលនាំឲ្យ គូស្នេហ៍ដ៏ស្អិតល្មួតមួយគូនេះបញ្ចប់ស្នេហ៍កណ្ដាលទីនោះឡើយ ។ ដូចគ្នាពាក់ព័ន្ធនឹងករណីនេះ តារាញូស៍ ក៏មិនអាចសុំការបញ្ជាក់ពីសាមីខ្លួនទាំងពីរនោះដែរ ។

គូរំលឹកថាសុខ សោម៉ាវត្តី បានរៀបការកាលពីឆ្នាំ២០១២ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ ។ បន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតស្វាមី ពិធីការិនី សុខ សោម៉ាវត្តី ក៏បានជួបស្នេហ៍ជាមួយកំលោះសង្ហាជាកីឡាបាល់ទាត់ លី វ៉ាហេដ និងបានកាន់ដៃគ្នាយ៉ាងស្អិតល្មួតជាច្រើនឆ្នាំ និងធ្លាប់បង្ហើបពីគម្រោងដឹកដៃគ្នាចូលរោងការផងដែរ ៕