លោក Jackie Chan ជាតារាភាពយន្តក្បាច់គុណចិន ដែលមហាជនខ្មែរយើងតែងហៅលោកថាឈិនឡុង។ តារាភាពយន្តចិនរូបនេះ បានជាប់ឈ្មោះល្បីល្បាញតាមរយៈការសម្តែងក្បាច់គុណបុរាណចិនលាយឡំភាពកំប្លុកកំប្លែងនៅពេលវាយតប់ និងជាអ្នកដឹកនាំភាពយន្ត ហើយបន្ថែមពីលើនេះទៅទៀតលោកក៏ជាតារាចម្រៀងមួយរូបផងដែរ។ គិតមកដល់ពេលបច្ចុប្បន្ន លោក Jackie Chanឬឈិនឡុង ថតភាពយន្តបានច្រើនជាង២០០រឿង ហើយឈ្នះបានពានរង្វាន់រាប់មិនអស់រួមមានពានរង្វាន់អូស្កា Honorary Oscar Award ថែមទៀតផង។

លោក Jackie Chan កើតនៅទីក្រុងហុងកុង ហើយក៏បានរស់នៅធំធាត់ពេញវ័យឡើងក្នុងទីក្រុងហិរញ្ញវត្ថុមួយនេះរបស់ប្រទេសចិន។ ដោយសារភាពជាក្មេងស្វាហាប់ម្នាក់
ឳពុកម្តាយបានដាក់ឈ្មោះក្រៅអោយលោកថា Pao-pao ។ កាលពីកុមារភាពឈិនឡុង បានចូលរៀននៅសាលាបឋមសិក្សា Naw-Hwa បន្ទាប់មកបានផ្ទេរទៅរៀននៅសាលា China
Drama Academy ដែលជាសាលា Peking Opera School ។ នៅសាលារៀននេះឈិនឡុង បានចំណាយពេល១ទសវត្សរ៍ឬ១០ឆ្នាំហ្វឹកហ្វឺនក្បាច់គុន និងហ្វឹកហ្វឺនផ្នែកកាយសម្ព័ន្ធ។ នៅឆ្នាំ១៩៧៦ លោកJackie Chanឬឈិនឡុង បានទៅរស់នៅជាមួយឳពុកម្តាយនៅទីក្រុងCanberra ប្រទេសAustralia។ នៅប្រទេសនេះ ឈិនឡុង បានចូលរៀននៅសាលាDickson College និងធ្វើការងារជាកម្មករសំណង់។

ឳពុកម្តាយរបស់តារាភាពយន្តឈិនឡុង លោក Charles Chan និងលោកស្រី Lee-Lee Chan ជាជនភៀសខ្លួនសង្គ្រាមស៊ីវិលចិន(Chinese Civil War)។

ឳពុកម្តាយរបស់លោកក្រីក្រខ្លាំងណាស់ដែលត្រូវខ្ចីលុយមិត្តភ័ក្តិអោយថ្លៃពេទ្យព្យាបាល។ នៅទីក្រុងហុងកុងឳពុកម្តាយរបស់តារាភាពយន្តឈិនឡុង បម្រើការងារនៅស្ថានទូតបារាំងប្រចាំនៅទីក្រុងហុងកុង នៅឆ្នាំ១៩៦០ ឳពុករបស់ឈិនឡុង បានធ្វើចំណាកស្រុកទៅរស់នៅទីក្រុងCanberra ប្រទេស Australia ដើម្បីធ្វើជាមេចុងភៅសម្រាប់ស្ថានទូតអាមេរិក។

Jackie Chanឬឈិនឡុង កើតនៅថ្ងៃ៧ខែមេសាឆ្នាំ១៩៥៤ លោកមានអាយុ៦៨ឆ្នាំនៅត្រឹមថ្ងៃ៣០មេសាឆ្នាំ២០២២។ លោកមានកំពស់១,៧៤ម៉ែត្រ។លោក Jackie Chanឬឈិនឡុង មានភរិយា លោកស្រី Joan Lin ជាតារាស្រីតៃវ៉ាន់ និងមានកូនប្រុសម្នាក់ឈ្មោះ Jayce Chan ។ កូនប្រុសលោកម្នាក់នេះក៏ជាតារាភាពយន្តនិងតារាចម្រៀងផងដែរ។ Chan ក៏ជាឳពុករបស់នាង Elaine Ng Yi-Lei ជាកូនស្រីដែលលោកមានទំនាក់ទំនងជាមួយស្រីនៅខាងក្រៅ។

ខ្សែជីវិតរបស់Jackie Chanឬឈិនឡុងដែលកម្រនឹងបើកទម្លាយគឺអាជីពរបស់Chans ក្នុងសិល្បៈសម្តែងចាប់ផ្តើមឡើងនៅពេលលោកមានអាយុ៥ឆ្នាំ ជាតួអង្គកុមារម្នាក់ក្នុងភាពយន្តដំបូងរបស់លោករឿង«Big, and Little Wong Tin Bar»ឆ្នាំ១៩៦២។ បន្ទាប់មកក៏មានវត្តមានក្នុងរឿងជាច្រើនផ្សេងទៀតដូចជារឿង The Love Eterne (ឆ្នាំ1963) រឿងLittle Tiger of Canton (ឆ្នាំ1973) ។

អាជីពសម្តែងលំដាប់អន្តរជាតិរបស់ Jackie នៅក្នុងទីផ្សារភាពយន្តអាមេរិកកាំងហូលីវូតត្រូវបានរាប់យកនៅពេលលោកសម្តែងនៅក្នុងរឿង The Big Brawl ឆ្នាំ១៩៨០ ដែលជាភាពយន្តកំប្លែងលាយឡំនិងក្បាច់គុណ។

ចាប់តាំងពីពេលនោះមក ភាពល្បីល្បាញ របស់លោក Jackie Chanឬឈិនឡុង នៅក្នុងពិភពភាពយន្តហូលីវូតបានបន្ត វត្តមានរបស់លោកក្នុងភាពយន្តជាច្រើនមាន រឿងWho Am I (ឆ្នាំ1998), រឿងThe Forbidden Kingdom (ឆ្នាំ2008), រឿងThe Spy Next Door, និងរឿងThe Karate Kid។

ជាអ្នកចម្រៀងម្នាក់ លោក Jackie Chan បានចេញអាល់ប៊ុមចម្រៀងជាច្រើនមាន Love Me (ឆ្នាំ1984), Thank You(ឆ្នាំ 1984), A Boy’s life(ឆ្នាំ 1985), Shangrila (ឆ្នាំ1986), Sing Lung(ឆ្នាំ 1986), និងអាល់ប៊ុមចម្រៀង No Problem(ឆ្នាំ1987)។

ក្នុងការងារទាំងវិស័យភាពយន្ត និងចម្រៀង លោក Jackie Chanឬឈិនឡុង ទទួលបានពានរង្វាន់ជាច្រើនសរុបមាន២៨ពានរង្វាន់ និងបានចាប់ឈ្មោះក្នុងបញ្ជីជ្រើសរើសសម្រាប់ពានរង្វាន់ជាច្រើនផងដែរ។ ក្នុងចំណោមពានរង្វាន់ដ៏ច្រើនទាំងនោះ លោកChan ទទួលបានពានរង្វាន់ដូចជាពានរង្វាន់ Hong Kong Avenue of Stars ពានរង្វាន់Hollywood Walk of Fame, ពានរង្វាន់MBE, ពានរង្វាន់SBS, ពានរង្វាន់PMW, ពានរង្វាន់ Honorary Oscar award រួមនិងពានរង្វាន់Hong Kong Film Awards ចំនួន៥ និងពានរង្វាន់ផ្សងទៀត។

នៅត្រឹមខែមេសាឆ្នាំ២០២២ លោក Jackie Chanឬឈិនឡុង មានទ្រព្យសម្បត្តិ៥២០លានដុល្លារអាមេរិក ដែលទឹកប្រាក់ដ៏ច្រើននេះទទួលបានពីការសម្តែងរបស់លោកនៅក្នុងខ្សែភាពយន្ត ទាំងការដឹកនាំសម្តែង និងក្រៅពីនេះបានមកពីលោកធ្វើជាអ្នកតំណាងផលិតផលអោយក្រុមហ៊ុនធំៗជាច្រើន។ យោងគេហទំព័រwealthypersons។