ប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថា កាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ តារាចម្រៀងលោក ខែម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ដ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជាសព្វព្រះរាជហរទ័យចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរពងារជាឧកញ៉ា តាមការទូលថ្វាយរបស់សម្ដេចនាយករដ្ឋមន្ត្រី។

ប៉ុន្តែក្រៅពីលោក ខេមរៈ សិរិមន្ដ ថ្មីៗនេះក៏មានប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម គឺលោក ហេង ឡុង និងកំពូលតារាចម្រៀងជួរមុខប្រចាំផលិតកម្ម Galaxy Navatra លោក ព្រាប សុវត្ថិ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាផងដែរ គឺនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ។

មុនត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឧកញ៉ាតាមការទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានធ្វើសកម្មភាពជាច្រើនជួយដល់សង្គមជាតិ ដូចជាការកៀរគរសិល្បករចូលរួមធ្វើសកម្មភាពសប្បុរសធម៌ ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងការបរិច្ចាគជួយកាកបាទក្រហម ជាបន្តបន្ទាប់ រួមទាំងបរិច្ចាគថវិការផ្ទាល់ខ្លួន ជួយដល់សិល្បករចាស់ជរាជាច្រើន។ ការទទួលបានគោរមងារដ៏ថ្លៃថ្នានេះ ត្រូវបានសិល្បករជាច្រើនបានសម្ដែងការអបអរសាទរ។

កំពូលតារាចម្រៀងនៅកម្ពុជា និងជាតារាជួរមុខប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី លោក ព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី ២៩ មេសា ឆ្នាំ ២០២២។ តារាចម្រៀងចាស់វស្សារូបនេះ និងក្រុមគ្រួសារតែងតែចំណាយធនធានផ្ទាល់ខ្លួនជាបន្តបន្ទាប់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយដល់សង្គមជាតិ  ដូចជាការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា និងការជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបការលំបាកគ្រាជួបគ្រោះទឹកជំនន់ និងសិល្បករចាស់ជរាតាមរយៈសមាគមសិល្បករខ្មែរ ជាដើម ។ ក្រៅពីនេះ លោក ព្រាប សុវត្ថិ ក៏តែងតែចូលរួមសកម្មភាពមនុស្សធម៌ផ្សេងៗ និងការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផងដែរ ។

ដោយឡែកលោក ខេមរៈ សិរីមន្ដ វិញ មុនព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឧកញ៉ាតាមការទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កន្លងមកគេកត់សម្គាល់ឃើញថា តារាចម្រៀងរូបនេះតែងតែបានចូលរួមចំណែកជួយដល់សង្គម និងប្រជាជនជារឿយៗនាពេលកន្លងមក តាំងពីលោកមិនទាន់ឈានជើងចូលវិស័យធុរកិច្ចជំនួញមកម្ល៉េះ ។ លោកបានជួយកសាងផ្លូវ និង ប្រឡាយដល់អ្នកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គិតជាថវិការចំនួន ២,០០០,០០០$ (ពីរលានដុល្លារ) ដើម្បីជួយដល់សង្គមជាតិ។ លោកក៏តែងតែជួយដល់សិល្បករចាស់ជរាតាមរយៈសមាគមសិល្បករផងដែរ។

ទោះបីជាយ៉ាងណា វត្តមានរបស់ប្រធានសមាគមសិល្បៈ និងកំពូលតារាចម្រៀងទាំងពីររូបខាងលើ ត្រូវបានទទួលការសាទរដោយរំពឹងនឹងចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

អត្ថបទ៖ ម៉ៅ វិបុល