ស្នាដៃចុងក្រោយរបស់អ្នកនិពន្ធ និងជាតារាសម្ដែង ហង្ស អច្ឆរិយា គ្រោងបោះពុម្ពជាផ្លូវការឆាប់ៗនេះហើយ ក្រោយម្ចាស់ស្នាដៃបានលាចាកលោកនេះទៅអស់រយៈពេលជាង៦ខែ ដោយសារជំងឺសួរនៅឯខេត្តបាត់ដំបង ដែលជាទឹកដីកំណើតរបស់លោក។

លោក ហង្ស អច្ឆរិយា ត្រូវបានមហាជនស្គាល់ថា លោកគឺជាតារាសម្ដែងសិចស៊ី និងជាអ្នកនិពន្ធមានឈ្មោះបោះសំឡេងម្នាក់ ដែលធ្លាប់មានជីវិតតស៊ូយ៉ាងខ្លាំង ដើម្បីយកឈ្នះគ្រប់ឧបសគ្គ។ សោកស្ដាយ ការតស៊ូរបស់លោកស្ទើរតែបានឃើញរស្មីនៃភាពជោគជ័យហើយនោះ បែរជាត្រូវរលាយសាបសូន្យ ក្រោយពីលោកបានធ្លាក់ខ្លួនឈឺចំពេលស្ថានភាពតឹងតែងនៃជំងឺកូវីដ ១៩ រហូតដល់ដំណាក់កាលចុងក្រោយ លោកក៏បានលាចាកលោកនេះទាំងនៅវ័យក្មេង។

ទោះបីជាយ៉ាងណា ស្នាដៃ និងជាក្ដីសង្ឃឹមចុងក្រោយរបស់អ្នកនិពន្ធរូបនេះ ត្រូវបានគ្រឹះស្ថានបោះពុម្ពផ្សាយមួយកន្លែងដែលមានឈ្មោះថា កម្ពុមេរា គ្រោងនឹងបញ្ចេញជូនអ្នកគាំទ្រទាំងឡាយឲ្យបានអានផងដែរ។ តាមសំណេរដែលបានរៀបរាប់នៅលើហ្វេសប៊ុករបស់ គ្រឹះស្ថានបោះពុម្ពផ្សាយ កម្ពុមេរា បានរៀបរាប់ជាមួយនឹងការគោរពកោតសរសើរចំពោះអ្នកនិពន្ធរូបនេះយ៉ាងខ្លាំង។ ម្ចាស់គ្រឹះស្ថានបោះពុម្ពនេះចាត់ទុកស្នាដៃរបស់ ហង្ស អច្ឆរិយា មានអត្ថន័យយ៉ាងខ្លាំងសម្រាប់គ្រឹះស្ថានបោះពុម្ពមួយនេះ។

តាមការបញ្ជាក់របស់រោងពុម្ពនៅក្នុង Comment ឆ្លើយតបអ្នកគាំទ្រថា ស្នាដៃពីរឿងចុងក្រោយរបស់តារាសម្ដែង ហង្ស អច្ឆរិយា គ្រោងបោះពុម្ពផ្សាយជាប្រភេទរឿងខ្លី ដែលមានក្នុងសៀវភៅ« វិធាវី ២០១៦»។ ទោះបីជាយ៉ាងណា គេនៅចាំបានថា មានរឿងមួយដែលអ្នកនិពន្ធបានធ្វើពលិកម្មយ៉ាងខ្លាំងក្នុងការសរសេរឲ្យចេញជារូបរាងឡើយ និងបានយកទៅដាក់រោងពុម្ពទៅហើយតែមិនទាន់បានចេញលក់ផង ម្ចាស់ស្នាដៃមានលាចាកទៅ នោះគឺរឿង”ពងពស់ក្រាយ”។

ទោះបីជាយ៉ាងណា ចំពោះអ្នកអានដែលហ្វេនវិញ បានបង្ហាញមនោសញ្ចេតនារំភើបរីករាយលយឡំដោយអារម្មណ៍ក្ដុកក្ដួលផង ព្រោះពួកគេបានរង់ចាំស្នាដៃមួយនេះ។ ម្យ៉ាងទៀត ពួកគេបានពោលអាណិតចំពោះម្ចាស់ស្នាដៃ ដែលបានលាចាកលោកទៅទាំងអស់ចិត្តត្បិតមិនបានឃើញស្នាដៃចុងក្រោយរបស់ខ្លួនត្រូវបានបោះពុម្ព។
អ្នកគាំទ្រខ្លះលើកឡើងជាសំណូមពរទៅកាន់គ្រឹះស្ថានបោះពុម្ពថា៖«អាណិតគាត់ណាស់! តាមខ្ញុំដឹងគាត់នៅមានសៀវភៅ មួយចំណងជើងទៀត ដែលមិនទាន់បានបោះពុម្ព សូមជួយបញ្ចប់ស្នាដៃនោះ ជូនគាត់ផង »។ «ខ្ញុំស្រណោះគាត់ណាស់, គាត់ថានឹងចេញសៀវភៅមួយក្បាលផ្ទាល់ខ្លួនតែខ្ញុំបានត្រឹមអានគាត់នៅសៀវភៅ វិធាវី ។ ព្រឺសម្បុរខ្លាំងរឿង ខ្ញុំមកពីជើងមេឃ»។ «គាត់និពន្ធរាប់ឆ្នាំ និពន្ធរួចគាត់ក៏ស្លាប់ចោល ស្នាដៃ»។


សូមរំលឹកដែរ លោក ហង្ស អច្ឆរិយា ដែលមានឈ្មោះដើមកំណើត ហង្ស បូរិន្ទ លោកត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធឆ្នើមម្នាក់ក្នុងចំណោមអ្នកនិពន្ធវ័យក្មេងជាច្រើន។ ក្រៅពីនេះលោកក៏ធ្លាប់លេចមុខនៅក្នុងការសម្តែង និងថតរូបបែបសិល្បៈជាច្រើន។ ប៉ុន្តែអកុសលលោក ក៏បានទទួលមរណភាពទាំងវ័យក្មេង ដោយសារជំងឺសួតកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២១ ។ ហើយស្នាសដែនិពន្ធរបស់លោក ហង្ស អច្ឆរិយា បានបន្សល់ទុកជាច្រើនមានដូចជា« ឈាមនរក» «ក្បាលត្រីប្រឡាក់» «ខ្ញុំមកពីជើងមេឃ» និងស្នាដៃចុងក្រោយរបស់លោកគឺរឿង «ពងពស់ក្រោយ»៕