បន្ទាប់ពីកើតរឿងចម្រូងចម្រាស់រហូតឈានដល់ប្រកាសចែកផ្លូវគ្នាផ្អើលបណ្ដាញសង្គមមួយរយៈ ស្រាប់តែពេល នេះធ្លាយដំណឹងមួយយ៉ាងក្ដៅគគុកថា Admin ជីង ចក់ បានសម្រេចចិត្តដើរនៅលើផ្លូវព្រះធម៌។ ដោយអ្នកអត្ថាធិប្បាយបាលទាត់ល្បីឈ្មោះរូបនេះ បានបង្ហោះសារបង្ហាញតម្រុយនៅបណ្តាញសង្គមទំនងជាលោកមានគម្រោងទៅសាងផ្នួសនៅ វត្តស្ពឺត្បូង ស្រុកស្ទោង ខេតកំពង់ធំ។

ការលើកឡើងបែបនេះរបស់ Admin ជីង ចក់ ដែលបានបង្ហោះរូបភាពមួយសន្លឹកជាមួយព្រះសង្ឃមួយអង្គ និងសំណេរយ៉ាងខ្លីថា ៖ “សូមក្រាបថ្វាយបង្គុំនឹងអរព្រះគុណ ដល់គុណម្ចាស់គ្រប់ព្រះអង្គ ដែលបានអនុញ្ញាតអោយខ្ញុំព្រះករុណាចូលបួស”។

អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះ មិនបានបញ្ជាក់ច្បាស់ថា ចូលបួសក្នុងសំណាក់ព្រះពុទ្ធសាសនានៅពេលណា ក្នុងបុព្វហេតុអ្វីនោះទេ។ ប៉ុន្តែតាមរយៈការយល់ឃើញរបស់មហាជន ប្រហែលជាលោកចង់រកភាពស្ងប់ស្ងាត់មួយរយៈ ក្រោយរុំព័ទ្ធទៅដោយបញ្ហានាពេលកន្លងមក ជាមួយនឹងភរិយា និងទទួលរងការវាយប្រហារដោយពាក្យសំដីយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ។

ឆ្លើយតបតាមការចោតសួររបស់មហាជន Admin ជីង ចក់ ក៏បានឆ្លើយតបប្រាប់ទៅអ្នកគាំទ្រថា រូបលោកបួសនេះ គឺជាការបួសដើម្បីតបស្នងសងគុណឪពុកម្ដាយ ពោលគឺមិនបានបួសដើម្បីគេចវេសពីបញ្ហា ដែលបានកើតឡើងជាមួយភរិយានៅពេលនេះឡើយ គឺបួសដោយចិត្តជ្រះថ្លា។

ថ្មីៗនេះបានធ្លាយព័ត៌មានថា វិវាទបើកទ្រូងឲ្យក្អែកចឹកបានអូសបន្លាយមួយររៈពេលកន្លងមក ត្រូវបានផ្សះផ្សារហើយក្រោយឃើញរូបថតរបស់ប្ដីប្រពន្ធលោក ជីងចក់ នៅជាមួយគ្នាយ៉ាងរីករាយ ខណៈសាធារណៈមតិមួយចំនួនរិះគន់ធ្ងន់ៗថា ពួកគេសម្ដែងយកចំណាប់អារម្មណ៍លក់ផលិតផល។

ទោះបីជាយ៉ាងណា ភាគីខាងស្រីអ្នកនាង ទ្រីញ ផល្លា បានបកស្រាយតាមបណ្ដាញសង្គមថា ក្នុងបណ្តាញសង្គមជម្លោះរបស់ពួកគេកើតឡើងពិតមែន មិនមែនជាការសម្ដែង។ ការផ្សាយជាសាធារណៈរបស់នាង ក៏ព្រោះតែមិនអាចដោះស្រាយគ្នាក្នុងរង្វង់គ្រួសារខ្លួនឯងបាន។ ហើយរហូតមកដល់ពេលនេះ ពួកគេក៏មិនទាន់ត្រូវរ៉ូវគ្នាដែរ។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះអ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បី Admin ជីងចក់ ត្រូវបានភរិយាទម្លាយថា លួចមានទំនាក់ទំនងជាមួយនារីជាច្រើននាក់ ខណៈដែលភរិយាទៅព្យាបាលជំងឺនៅប្រទេសវៀតណាម។ ភ្លាមៗភាគីភរិយាបានប្រកាសជាសាធារណៈថា ចំណងស្នេហ៍អ្នកទាំងពីរឈានដល់ផ្លូវបំបែក ដែលមានទាំងខិលិតស្នាម និងស្នាមមេដៃទៀតផង ។ ទោះបីជាយ៉ាងណាជម្លោះរវាងភាគីទាំងពីរហាក់ថយកំដៅមួយរយៈចុងក្រោយនេះ ស្របពេលភាគីខាងប្រុសប្រកាសគម្រោងទៅសាងផ្នួសមួយរយៈ៕