តារាសម្ដែងជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅរាត្រីថ្ងៃទី០៥ ខែឧសភានេះបានចេញមុខប្រត្តិកម្មមួយ ក្រោយលោកឧកញ៉ាម្នាក់បានប្រើពាក្យសម្ដីហាក់មិនឱ្យតម្លៃទៅកាន់តារា ធុងប៉េត្រូ ថា ជាតារាកំប៉ិកកំប៉ុក ។

ក្នុងគោលបំណងការពារកិត្តិយស សេចក្ដីថ្លៃថ្នូររបស់សិល្បករក្នុងនាមជាប្រធានអ្នកនាង ចន ច័ន្ទលក្ខិណា បានអះអាងថា តារាកំប៉ិកកំប៉ុកក៏មានកិត្តិយសដែរ ហើយពេលខ្លះតារាកំប៉ិកកំប៉ុកដែលកំពុងល្បី និងមានការគាំទ្រច្រើន អាចជួយអ្នករកស៊ីមួយចំនួនផងដែរ ហើយសូម្បីតែអ្នកនាងដែលជាតារាជើងចាស់ល្បីយូរឆ្នាំមកហើយ ក៏នៅត្រូវការតារាកំប៉ិកកំប៉ុកមកជួយ Promote មុខរបរឱ្យដែរ ។ ហើយការលើកឡើងបែបនេះរបស់អ្នកនាង ចន លក្ខិណា ត្រូវបានមហាជនជាច្រើនបង្ហាញគោលជំហរគាំទ្រ ។

អ្នកនាងបាននិយាយថា៖ «តារាកំប៉ិកកំប៉ុកក៏មានកិត្តិយសដែរ ពេលតារាកំប៉ិកកំប៉ុកកំពុងល្បីមានការគាំទ្រច្រើនអ្នករកស៊ីមួយចំនួនក៏ធ្លាប់តោងកាលីបតារាកំប៉ិកកំប៉ុកដែរ សូម្បីតែខ្ញុំជាតារាជើងចាស់ល្បីយូរឆ្នាំក៏ខ្ញុំត្រូវការតារាកំប៉ិកកំប៉ុកមកជួយ Promote មុខរបររបស់ខ្ញុំដែរ មនុស្សមានជំនាញផ្សេងៗគ្នា ស៊ូស៊ូតារាកំប៉ិកកំប៉ុក» ។

នេះមិនមែនជាលើកទីមួយទេសម្រាប់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលចេញមុខប្រតិកម្ម និងជួយការពារកិត្តិយសដល់សិល្បករខ្មែរ ប៉ុន្តែកន្លងមកប្រធានសមាគមរូបនេះតែងតែចេញមុខជួយឈឺឆ្អាលរាល់បញ្ហាដែលពាក់ព័ន្ធនឹងសិល្បករសិល្បការិនីជាច្រើន ជាពិសេសសិល្បករដែលជួបរឿងអយុត្តិធម៌នានាត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា ចេញមុខទាមទារយុត្តិធម៌ជូនជាហូរហែ ជាក់ស្ដែងដូចជាករណីខាងលើនេះជាដើម ។

គួររំលឹកថា កាលពីថ្មីៗនេះនៅលើបណ្ដាញមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីតារាកំប្លែង ធុងប៉េត្រូ ចេញមុខប្រកាសប្រាប់មហាជនថា ខ្លួនបានរងនូវភាពអយុត្តិធម៌មួយ ដោយបំពេញការងារជូនលោកឧកញ៉ាម្នាក់តែមិនបានលុយ ។ ប៉ុន្តែការបង្ហោះរបស់តារា ធុងប៉េត្រូ ខាងលើនោះ ត្រូវបានប្ដីប្រពន្ធលោកឧកញ៉ាខាងលើចេញមុខបកស្រាយដោយបដិសេដ ព្រមទាំងបានទទូចឱ្យចេញមុខទោសជាសាធារណៈ ជាពិសេសនាយ ប៉េត្រូ ត្រូវបានឧកញ៉ាដែលទើបរងអាស្រូវពាក់ព័ន្ធនឹងតារាកំប្លែងនាយប្រុញ កាលពីថ្មីៗនេះនោះ ជ្រុលមាត់ប្រើពាក្យសម្ដីមិនសមរ្យថា ជាតារាកំប៉ិកកំប៉ុកទៀតផង ។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធនឹងករណីនេះនាយ ប៉េត្រូ បានលើកឡើងជាសំណួរថា តើឱ្យនាយសុំទោសលោកឧកញ៉ារឿងអ្វី? ព្រោះកន្លងទៅអ្វីដែលនាយបានប្រាប់មហាជនគឺជារឿងពិត ប្រសិនបើនាយចេញការសុំទោសលោកឧកញ៉ានោះ មិនស្មើនឹងនាយបោកប្រាស់មហាជនក្លែងធ្វើជាឈ្លោះគ្នាដើម្បីទាមទារ Viewsនោះទេ ។

ចុងក្រោយ នាយ ប៉េត្រូ សម្រក់ទឹកភ្នែក ប្រាប់មហាជនថា ដាច់ខាតមិនចេញការសុំទោសលោកឧកញ៉ាឱ្យក្បត់ឧត្តមគិតិខ្លួនឯងនោះទេ ។ នាយថា ខ្លួនជាជនរងគ្រោះ រងភាពអយុត្តិធម៍ ហើយខ្លួនមិនសុំទោសលោកឧកញ៉ារូបនោះទេ ព្រោះខ្លួនមិនបានកុហកមហាជន ឬក៏ក្លែងជាឈ្លោះគ្នាដើម្បី Views ទេ ។ នាយថា នឹងរង់ចាំពន្លឺយុត្តិធម៍ ហើយហ៊ានប្រឈមជាមួយផ្លូវច្បាប់គ្រប់យ៉ាង។

ជុំវិញការជ្រុលមាត់ប្រើពាក្យសំដីនិយាយពាក្យថា “ជាតារាកំប៉ិកកំប៉ុក” របស់លោកឧកញ៉ាខាងលើ ក៏មានមហាជនជាច្រើនបានប្រតិកម្មធ្ងន់ៗផងដែរ៕