ក្នុងឱកាសអញ្ជើញចូលរួមអាហារសាមគ្គីកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ លោកឧកញ៉ា ហេង ឡុង បានប្រកាសបរិច្ចាគថវិកាចំនួន១០,០០០ដុល្លារ ជូនដល់គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA ។

កន្លងមកប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានធ្វើសកម្មភាពជាច្រើនជួយដល់សង្គមជាតិ ដូចជាការកៀរគរសិល្បករចូលរួមធ្វើសកម្មភាពសប្បុរសធម៌ ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងការបរិច្ចាគជួយកាកបាទក្រហមជាដើម ។ អ្វីដែលទទួលការសាទរខ្លាំងនោះ គឺបេសកកម្មជួយដល់សិល្បករចាស់ជរា ដែលលោកបានធ្វើរយៈពេល៥ឆ្នាំកន្លងមកន ធ្វើឲ្យសិល្បករចាស់ជរាមានការសប្បាយចិត្តយ៉ាងខ្លាំង។

តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើននោះលោក ហេង ឡុង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឧកញ៉ាតាមការទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ជាមួយគ្នានឹងកំពូលតារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី គឺលោក ព្រាប សុវត្ថិ ។

យ៉ាងណាក្រោយទទួលបានការតែងតាំងពីព្រះមហាក្សត្រ ឧកញ៉ា ហេង ឡុង នៅតែបន្តធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ទៀត។ ជាក់ស្ដែងកាលពីថ្ងៃទី០៥ ខែឧសភា ម្សិលមិញនេះ លោកឧកញ៉ាដែលជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមរូបនេះ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០,០០០ដុល្លារ ដើម្បីចូលរួមចំណែកជាមួយនឹងគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA ។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA កន្លងមកបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ធនធាន និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដែលរាតត្បាតយ៉ាងសាហាវ ឃោរឃៅនៅក្នុងពិភពលោក ហើយក្នុងកាលៈទេសៈប្រទេសកម្ពុជាជួបប្រទះនូវការគំរាមកំហែងដោយជំងឺកាចសាវនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA បានលះបង់ដោយមិនគិតពីបញ្ហាប្រឈមដល់ខ្លួន ដើម្បីប្រជាជន និងប្រយោជន៍ជាតិមាតុភូមិ រហូតអាចទប់ទល់ស្ថានការណ៍ឱ្យធូរស្រាលដូចពេលបច្ចុប្បន្ននេះ ៕