តារាចម្រៀង ពេជ្រ សូលីកា បានឆ្លើយតបទៅកាន់ អ្នករិះគន់មករូបលើរូបនាងទាំងក្តៅស្លឹកត្រចៀក ក្រោយមានរិគន់ថា នាងតារាស្រីដែលទទួល ថតផ្សព្វផ្សាយតែគ្រឿងស្រវឹង។

ដោយអ្នកនាង ពេជ្រ សូលីកា បានសម្តែងនូវអារម្មណ៍ហាក់មិនសប្បាយចិត្តទៅកាន់ប្រិយមិត្តមួយចំនួន ដែលបានវាយប្រហារ និងមាក់ងាយរូបនាងសព្វគ្រប់បែបយ៉ាង ដោយមានទាំងពាក្យជេរប្រមាថ ដែលវាមិនមែនជាពាក្យជួយកែតម្រូវ តែជាពាក្យខឹងសម្បារមកលើរូបនាងទៅវិញ។

នាងបានសរសេររៀបរាប់លើបណ្តាញសង្គមរបស់នាងថា៖ “ការងារអ្វីក៏ដោយ បើខ្ញុំមិនបានទៅបំពានលួចឆក់ប្លន់ទ្រព្យសម្បត្តិញើសឈាមអ្នកដទៃ ហេតុអីខ្ញុំត្រូវមកទទួលពាក្យអាក្រក់ៗទាំងនេះពីមនុស្សដែលល្អៗទៅវិញ បើមនុស្សល្អ រៀនសូត្របានល្អ ម៉េចក៏មិនប្រើពាក្យល្អៗទៅកាន់អ្នកដទៃដែរទៅ”។

នាងបន្តថា ជាមនុស្សដូចគ្នា ក៏ចង់បានពាក្យនែនាំល្អៗដូចគ្នា។ តារាក៏ជាមនុស្ស ក៏មានសិទិ្ធទទួលពាក្យល្អៗដូចមនុស្សធម្មតាទូទៅដែរ។ ពេជ្រ សូលីកា ប៉ុន្ថែទៀតថា ក្នុងនាមជាសិល្បករមួយរូប នាងក៏ចង់ឲ្យមហាជនទូទៅយោគយល់ផងដែរ ព្រោះជាតួនាទីការងារ ដែលត្រូវទទួលខុសត្រូវ។ ថ្វីត្បិតតែមិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹង មិនដាច់ពោះស្លាប់ពិតមែន ប៉ុន្តែរូបនាងក៏មានសិទ្ធិជ្រើសរើស ព្រោះមិនមែនជាការលួចឆក់ប្លន់នោះទេ។

ពេជ្រ សូលីកា សង្កត់ធ្ងន់ថា៖ “ពួកខ្ញុំមានសិទ្ធជ្រើសរើស ព្រោះវាមិនមែនជាការងារលួចឆក់ប្លន់គេ អ៊ីចឹងពួកខ្ញុំមានសិទិ្ធនឹងជ្រើសរើសការងារ រកស៊ីចង់បានចំណូល ធ្វើការចង់បានប្រាក់ខែ ខំយប់ខំថ្ងៃ ក៏មិនព្រមធ្វើជាចោរដែរ”។

ពេជ្រ សូលីកា បានបញ្ញាក់បន្ថែមទៀតថា គេតែងតែនិយាយស្រាបំផ្លាញដល់មនុស្ស នាងទទួលស្គាល់។ បន្តែវាអាស្រ័យទៅលើមនុស្សដូចគ្នា គ្មានអ្នកណាបង្ខំអ្នកណាបាននោះទេ បើតារាផ្សព្វផ្សាយគ្រឿងស្រវឹង បើមហាជនមិនចង់ផឹក តារាក៏មិនអាចទៅបង្ខំមកផឹកបានដែរ។ នាងលើកឡើងទៀតថា បើតារាផ្សព្វផ្សាយថា ហាមដាច់ខាតមិនអោយពលរដ្ឋផឹកគ្រឿងស្រវឹង បើខ្លួននៅតែផឹក តារាក៏មិនអាចទៅហាមបានដូចគ្នា។

សូមបញ្ជាក់ថា នៅក្នុងសង្គមខ្មែរ តែងមានការលើកឡើងរិះគន់ជាបន្តបន្ទាប់ពីសំណាក់មហាជនចំពោះសិល្បករមួយចំនួនដែលបានទទួលផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ដោយពួកគេអះអាងថា ជាគម្រូមិនល្អសម្រាប់ក្មេងជំនាន់ក្រោយ ឬអ្នកគាំទ្រ។ ក្នុងនោះដែរ ក្រៅពី ពេជ្រ សូលីកា មានតារាចម្រៀងល្បីជាច្រើន ដែលកំពុងផ្សព្វផ្សាយ ឬធ្វើជាទូតសុឆន្ទៈផ្សព្វផ្សាយឲ្យផលិតផលគ្រឿងស្រវឹង។ ម្យ៉ាងទៀត ធ្លាប់មានព័ត៌មានលេចឮមកថា មានតែផលិតផលគ្រឿងស្រវឹងទេ ដែលឲ្យតម្លៃខ្លួនខ្ពស់ចំពោះតារាល្បីៗនៅកម្ពុជា៕