បន្ទាប់ពីចូលសង្គ្រោះនៅមន្ទីរពេទ្យកាលពីយប់មិញដោយសារជំងឺធ្វើទុកឡើង នៅ​ព្រឹក​ថ្ងៃ​ទៅ០៨ ខែ​ឧសភា ឆ្នាំ២០២២នេះ ព្រឹទ្ធាចារ្យចាប៉ីដងវែង​លោក​តា គង់ ណៃ បានធូរស្រាល​ជាងមុនបន្តិចហើយ និងអាចពិសារអាហារបានខ្លះៗវិញហើយដែរ ។ នេះបើ​យោងតាម​ការ​បញ្ជាក់ពីកូនរបស់ព្រឹទ្ធាចារ្យ ។

ថ្លែងតាមទូរស័ព្ទជាមួយ តារាញូស៍ លោក សម័យ ដែលជាកូនប្រុស​បង្កើត​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ បានឱ្យដឹងថា នៅព្រឹកនេះឪពុករបស់​លោក (លោកតា គង់ ណៃ) បានធូរស្រាលជាងមុនបន្តិចហើយ ខណៈដែលការហូបចុក​ក៏អាចពិសារបានវិញ​ខ្លះៗដែរ ។ បើទោះជាយ៉ាងណាលោកថា សភាព​ជំងឺរបស់​ឪពុកពេលនេះត្រូវតាមដានជាបន្តទៀត គឺរហូតដល់មានភាពធូរស្រាលខ្លាំង និង​មានការ​អនុញ្ញាតពីក្រុមគ្រូពេទ្យ​ទើប​ត្រឡប់​ទៅផ្ទះវិញ ។

ព្រឹទ្ធាចា្យ គង់ ណៃ មានជំងឺសួត និងទឹកនោមផ្អែម ហើយកាលពីម៉ោង​៨ថ្ងៃ​ទី០៧ ខែ​ឧសភាយប់មិញនេះ ព្រឹទ្ធាចារ្យចាប៉ីដង​វែង​លោក​តា គង់ ណៃ ត្រូវបានបញ្ជូនទៅ​ព្យាបាល​នៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីអាការៈជំងឺធ្វើទុកឡើង​រហូត​បាត់ការ​ចងចាំ ។ ដំណឹងនេះត្រូវបានចែករំលែក និងបានធ្វើឱ្យ​មហាជនអ្នកប្រើប្រាស់បណ្ដាញ​សង្គម​មានការ​ភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ហើយក៏មានការ​ជូនពរ​ដល់ព្រឹទ្ធាចារ្យ​ឱ្យឆាប់ជាសះ​ស្បើយ​ផងដែរ ។

គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យ គង់ ណៃ បច្ចុប្បន្នមានជន្មាយុ៧៧ឆ្នាំ ព្រឹទ្ធាចារ្យជាមរតកមនុស្ស​រស់ដែល​បានប្រឹង​ប្រែងលើកស្ទួយសិល្បៈចាប៉ីដងវែង លោកទទួលបានមេដាយកិត្តិយស «ព្រះរាជាណា​ចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃកម្ពុជា ហើយការផ្តល់ឋានៈជូនលោកព្រឹទ្ធាចារ្យ ស្មើនឹងថ្នាក់អគ្គនាយក ដែលអាច​ទទួលបាន​ប្រាក់ខែពីរាជរដ្ឋាភិបាល ដូចមន្រ្តីរាជការទូទៅផងដែរ ៕