តារាចម្រៀងសំឡេងស្អក លោក ខេម ថ្មីៗនេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល បន្ទាប់ពីបានរំលឹកនូវប្រវត្តិដ៏ជូរចត់របស់ខ្លួនមុនឈានជើងចូលសិល្បៈ និងមុនក្លាយជាតារាចម្រៀងល្បីឈ្មោះដូចពេលបច្ចុប្បន្ន ។

ថ្លែងតាមរយៈកម្មវិធីសម្ភាសន៍ស្រុកមួយមានឈ្មោះ 3Fun លោក ប៉ុន សុណារិន្ទ ដែលបច្ចុប្បន្នគេស្គាល់ថា ជាតារាចម្រៀងល្បីប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា លោក ខេម បានរៀបរាប់ឱ្យដឹងថា មុនពេលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានកត្តិយស មានឈ្មោះ គេស្គាល់ដូចជាបច្ចុប្បន្ននេះ លោកបានឆ្លងកាត់នូវរឿងរ៉ាវជូរចត់ជាច្រើន ហើយអ្វីដែលលោកចាំមិនភ្លេចគឺរបររត់ម៉ូតូឌុប ។

ខេម បានរំលឹកថា មុនចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសិល្បៈ ខ្លួនមានជីវភាពខ្សត់បំផុត និងបានប្រើរបរជាអ្នករត់ម៉ូតូឌុបដើម្បីទ្រទ្រង់ជីវភាព ។ នៅឆ្នាំ២០០៧លោកបានចូលប្រឡងកម្មវិធីចម្រៀងមួយនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៩ និងបានបន្តសាកល្បងសមត្ថភាពនៅ Rock ជាបន្តទៀត ប៉ុន្តែការព្យាយាមទាំងពីរលើកនោះ លោកមិនទទួលបានជ័យលាភីឡើយ ហើយក៏បន្តរបរជាអ្នករត់ម៉ូតូឌុបជាធម្មតាវិញ ។ ប៉ុន្តែនៅអំឡុងពេលបរាជ័យនោះ លោកទទួលបានការជម្រុញលើកទឹកចិត្តជាច្រើនពីសំណាក់អ្នកស្គាល់ និងមិត្តភ័ក្ដឱ្យព្យាយាមជាបន្តទៀត ។

បន្ទាប់ពីមានការជម្រុញលើកទឹកចិត្តច្រើន ព្រមគ្នានឹងការតាំងចិត្តរបស់ខ្លួនថា បើមិនប្រសើរមិនត្រឡប់ទៅស្រុកកំណើតផងនោះ នៅអំឡុងឆ្នាំ២០០៧-២០០៨ដដែល លោក ប៉ុន សុណារិន្ទ ឬលោក ខេម ក៏បន្តសាកល្បងម្ដងសមត្ថភាពជាថ្មីម្ដងទៀតតាមរយៈកម្មវិធីមួយដែលឈ្មោះថា «Boy band» នៅស្ថានីយ៍ទូរទស្សន៍CTN ដែលគ្រានោះមានសមាសភាពចូលរួមប្រកួតរាប់រយនាក់ ក្នុងនោះ ខេម ត្រូវបានគណៈកម្មការជ្រើសរើសឱ្យជាប់ក្នុងចំណោមអ្នកជាប់សរុប២៤រូប ។ បន្ទាប់ពីទទួលបានជ័យលាភីអតីតអ្នករត់ម៉ូតូឌុបរូបនេះក៏បានចុះកុងត្រាជាមួយទូរទស្សន៍CTN ។

បើទោះជាយ៉ាងណាដោយកេរ្ដិ៍ឈ្មោះមិនទាន់ល្បីល្បាញដូចជាពេលបច្ចុប្បន្ន នៅសម័យឆ្នាំនោះ ខេម នៅតែមានជីវភាពខ្វះមុខខ្វះក្រោយដូចជាគ្រារត់ម៉ូតូឌុបដដែល ។ ប៉ុន្តែក្រោយឆ្លងកាត់ការលំបាក និងរឿងជូរចត់ជាច្រើនឆ្នាំ ខេម ក៏ចាប់ផ្ដើមមានគេស្គាល់ជាបណ្ដើរៗ ខណៈដែលភាពល្បាញល្បីខ្លាំងរបស់តារាចម្រៀងសំឡេងស្អករូបនេះ គឺបានកើតមានបន្ទាប់ពីបានចុះកុងត្រាជាមួយផលិតកម្មថោន និងបានចេញបទចម្រៀងដំបូងមួយបទដែលមានចំណងជើងថា «បេះដូងអើយ» ។ បទនេះមានការគាំទ្រយ៉ាងខ្លាំង ហើយក៏បានចេញបទបន្តបន្ទាប់ជាច្រើនទៀត ដែលមានដូចជា នំខេកល្វីង ពូម៉ូតូឌុប ប្ដីមិនបានការ ជាដើម ។

សូមរំលឹកថា មុនឈានជើងចូលផលិតកម្មថោន ខេម ក៏ធ្លាប់ចុះកុងត្រាជាមួយផលិត កម្ម មួយដែលមានឈ្មោះថា Time និងបានចេញចម្រៀងចំនួន២បទគឺ កាកសំណល់ស្នេហ៍ និង កក្ដិកបាត់ស្នេហ៍ ។ បន្ទាប់ពីផលិតកម្ម Time ខេម ក៏បានឈានជើងចូលផលិតកម្ម ថោន និងបច្ចុប្បន្នត្រូវបានគេចាត់ចូលជាក្រុមតារាជូរមុខ បន្ទាប់ពីបានបោះជំហានចូលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ បទចម្រៀងនីមួយៗរបស់តារាចម្រៀង ខេម នៅផលិតកម្មយក្សមួយនេះមានការទស្សនារាប់លានដង ជាពិសេសបទចម្រៀងដែលចាប់ដៃជាមួយកញ្ញា តន់ ចាន់សីម៉ា ៕ អត្ថបទ៖ ម៉ៅ វិបុល