បើទោះជាស្ថិតក្នុងវ័យជរា និងមានជំងឺប្រចាំកាយ តែតារាកំប្លែងជើង​ចាស់លោកតា សង់ស៊ីស នៅតែនឹករលឹកដល់អាជីពសិល្បៈ ខណៈថ្មីៗនេះ​លោក​បាន​ឡើង​ច្រៀងលើ​ឆាកតន្រ្តីជាថ្មីម្ដងទៀត ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងលួច​ញញឹម​ទាំង​អួលដើម.ក ។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកទស្សនាស្រណោះបំផុតនោះ គឺសមត្ថភាពរបស់សិល្បករជើង​ចាស់​ដែលពោរពេញដោយទេពកោសល្យរូបនេះ បានបាត់បង់ទៅតាមវ័យដោយការភ្លេចភ្លាំង​ស្ទើរតែទាំង​ស្រុងទៅហើយ ។

តាមរយៈសកម្មភាពឡើងច្រៀងជាមួយតារាកំប្លែងអ្នកនាង កាឆយ នៅ​ថ្ងៃមង្គល​ការ​របស់​ចៅ លោកតា សង់ស៊ីស បានបង្ហាញនូវទឹកមុខស្រស់ស្រាយ និងរីករាយ​ជា​មួយ​នឹងកាយ​វិការ​រាំផង​ចម្រៀងផង ប៉ុន្តែក៏បានធ្វើឱ្យមហាជនទាំងអ្នកទស្សនាផ្ទាល់ និងនៅលើ​បណ្ដាញ​សង្គមហាក់​ស្រណោះ និងស្ទើរតែអួលដើម.ក ដ្បិតតារាកំប្លែងលោកតា សង់ស៊ីស បាន​ភ្លេចភ្លាំង​ស្ទើរ​ទាំងស្រុងទៅហើយ ។ លោកតា សង់ស៊ីស ត្រូវ​បានអ្នកនាង កាឆយ ច្រៀងបណ្ដើរ​ខ្សិប​ប្រាប់ទំនុកច្រៀងបណ្ដើរ ព្រោះលោកមិនមានការ​ចងចាំល្អ​ដូច​ពីមុន​ទៀតឡើយ បើទោះ​ជាបទ​ចម្រៀងមួយនេះ​គឺជាចម្រៀងដែលលោកធ្លាប់ច្រៀងបាន​យ៉ាងពីរោះកាលពីមុន​ក្ដី ។

បើទោះជាយ៉ាងណានេះ មិនមែនជារឿងដែលទើបតែកើតឡើងថ្មីៗនេះនោះទេ ពោលគឺ​កាល​ពី​កន្លងទៅលោកតា សង់ស៊ីស ត្រូវបានគេបញ្ជាក់ថា មានជំងឺប្រចាំ និងភ្លេង​ភ្លាំង​ស្មារតីច្រើន ។ លើសពីនេះលោកតា សង់ស៊ីស ក៏​បាត់​បង់​សមត្ថភាពក្នុងការ​​និយាយ​ស្ដី​ផង​ដែរ ដោយបច្ចុប្បន្ននេះលោកនិយាយបានបន្តិចបន្តួចតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា តារាកំប្លែងជើងចាស់លោកតា សង់ស៊ីស គឺជាតារាកំប្លែងមួយរូបដែលមាន​ឈ្មោះបោះសំឡេងយ៉ាងខ្លាំងកាលពីអំឡុង២ទស្សវត្សមុន ហើយលោកក៏សិល្បករ​ខ្មែរ​ម្នាក់ ដែលបានធ្វើឱ្យប្រជាជនរាប់លាននាក់​មានស្នាមញញឹមតាមរយៈ​ទេពកោសល្យ​កំប្លែងរបស់លោក ។ បើទោះជាយ៉ាងណា បច្ចុប្បន្នតារាកំប្លែងលោកតា​ សង់ស៊ីស បានស្ថិតក្នុងវ័យជរា និងមាន​ជំងឺប្រចាំកាយ ខណៈសមត្ថភាពមួយចំនួនធំ​បានបាត់បង់​ជា​បណ្ដើរៗទៅតាមរ័យផងដែរ ៕ អត្ថបទ៖ ម៉ៅ វិបុល