បើរំលឹកដល់ភាពយន្ដអប់រំខ្លីមួយដែលមានចំណងជើងថា រឿង «មិត្តភក្តិ» ឬ «ជាងឡាន» ច្បាស់ណាស់ប្រិយមិត្តជាច្រើនពិតជាធ្លាប់បានទស្សនា និងធ្លាប់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននៅពេលកំពុងទស្សនា ។
ខ្សែភាពយន្ដអប់រំខ្លីរឿង «មិត្តភ័ក្ដ» ឬ ជាងឡាន បានបង្ហាញពីតថភាពពិតមួយចំនួននៅក្នុងសង្គម ពាក់ព័ន្ធនឹងមិត្តភាព និងការចេះជួយគ្នានៅក្នុងគ្រាដែលមានទុក្ខលំបាក ជាពិសេសគឺទំនាក់ទំនង និងការរាប់អានដោយសុទ្ធចិត្ត។ តួអង្គ ប៊ុន ធឿន និង ទីម៉ូ គឺអ្នកទាំងពីរបានធ្វើឱ្យទស្សនិកជនលើកសរសើរមិនដាច់ពីមាត់ ខណៈអ្នកខ្លះបានបញ្ចេញអារម្មណ៍បែបងឿងឆ្ងល់ពីទំនាក់ទំនង ឬមិត្តភាពក្រៅឆាករបស់អ្នកទាំងពីរថែមទៀតថា តើនៅក្រៅឆាកពួកគាត់ពិតជាមិត្តល្អដូចក្នុងសាច់រឿងនេះដែរឬយ៉ាងណា ទើបបានជាអាចដាក់មនោសញ្ចេតនាបានល្អដូច្នេះ? ។

ជុំវិញមន្ទិលសង្ស័យ និងចម្ងល់របស់មហាជនខាងលើនេះ ត្រូវបានអ្នកនិពន្ធទម្លាយឱ្យដឹងថា នៅក្រៅឆាក ប៊ុនធឿន និងទីម៉ូ ពិតជាមានមិត្តភាព និងទំនាក់ទំនងល្អជាមួយគ្នាដូចនៅក្នុងរឿងប្រាកដមែន ពោលគឺអ្នកទាំងពីរមិនមែនត្រឹមតែជាមិត្តល្អនៅក្នុងរឿងនោះទេ តែការស្រលាញ់រាប់អានរបស់ពួកគេចំពោះគ្នានៅខាងក្រៅឆាក គឺច្រើនលើសលុបជាងនៅក្នុងសាច់រឿងទៅទៀត ។
អ្នកនិពន្ធរូបនេះបានអះអាងទៀតថា បច្ចុប្បន្នអ្នកទាំងពីរបាន និងកំពុងតែចាប់ដៃគ្នារកស៊ី លើវិស័យអចលនទ្រព្យប្រភេទចម្ការលម្ហែកាយ ដែលគំរោងនោះលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ១៥០ហិកតា នៅជិតជើងភ្នំ ជាប់ស្ទឹងធម្មជាតិ មានទីតាំងស្ថិតនៅក្បែររម្មណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់ ដែលជាតំបន់ទេសចរណ៍ដ៏ល្បី និងជាប់លំដាប់ថ្នាក់លេខ១ ប្រចាំខេត្ត ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនអចលនទ្រព្យលក្ខណៈចម្ការលំហែរប្រមាណជាង ១៥០ហិកតានេះ គឺកើតចេញពីការព្រួតដៃគ្នារវាងមិត្តភ័ក្ដទាំងពីរនាក់ គឺប៊ុន ធឿន និង ទីម៉ូ ដោយក្នុងនោះ ទីម៉ូ បានលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីបង្ហាត់បង្រៀន ប៊ុន ធឿន គ្រប់យ៉ាងទាំងចំណេះដឹង ចំណេះធ្វើ ព្រមទាំងដើមទុនប្រាក់កាក់ចំណាយផ្សេងៗ ខណៈ ប៊ុន ធឿន ដែលជាមិត្តសម្លាញ់មិនសូវជាធូរធារ ក៏ដូចជាខ្វះខាតបទពិសោធន៍ គឺមានត្រឹមតែភាពស្មោះត្រង់ និងកម្លាំងកាយចិត្តប៉ុណ្ណោះ។
ប្រភពខាងលើបន្ថែមថា ទីម៉ូ គឺជាសហគ្រិនមួយរូបដែលមានពហុជំនាញ និងបទពិសោធន៍ពិតប្រាកដ ហើយកន្លងមក ប៊ុនធឿន គឺទីម៉ូ ជាអ្នកបង្ហាត់បង្ហាញដោយផ្ទាល់ ដើម្បីមានបទពិសោធន៍ប្រហាក់ប្រហែលគ្នា ឈានទៅដល់ការពង្រីកគំរោងចម្ការលំហែររបស់ពួកគេដល់រាប់ពាន់ហិកតានាថ្ងៃអនាគត ។
នេះគឺជាគំរូដ៏ល្អមួយ និងជាទំនាក់ទំនងដែលកម្រនឹងមានក្នុងពេលបច្ចុប្បន្ន ប៉ុន្តែយុវជនទាំងពីរនាក់ខាងលើអាចធ្វើបាន ដោយឈរលើគោលជំហរទៀងត្រង់ និងបំពេញចំណុចខ្វះខាតឲ្យគ្នាទៅវិញទៅមក ។ សូមបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យលក្ខណៈចម្ការលំហែរបស់ ប៊ុន ធឿន និង ទីម៉ូ មានទីតាំងនៅជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់ ក្បែររម្មណីដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលចំណាយពេលធ្វើដំណើរតែជាង មួយម៉ោងកន្លះប៉ុណ្ណោះពីរាជធានីភ្នំពេញ។ ហើយបច្ចុប្បន្ន ចម្ការលំហែរបស់អ្នកទាំងពីរបានដាំដុះជាគំរូលើផ្ទៃដីប្រមាណជាង ២៥ហិកតារួចមកហើយ ដែលក្នុងនោះមានឈើហូបផ្លែដូចជា ដូងក្រអូប មៀនក្រអូប ខ្នុរណាំងការុត និងក្រូចពោធិ៍សាត់ ហើយបានពុះជាឡូតិ៍តាមទំហំខ្នាតលក់ទៅឲ្យអតិថិជនខ្មែរនៅប្រទេសកូរ៉េ ជប៉ុន ក៏ដូចជាក្នុងស្រុកជាបន្តបន្ទាប់មកហើយផងដែរ ៕ អត្ថបទ៖ ម៉ៅ វិបុល










