ជាការពិតណាស់ចំណងស្នេហ៍តារាសម្ដែងប្រុសលោក ឆឹម សក្កដា និងតារាចម្រៀងស្រីហង្សមាសអ្នកនាង ពេជ្រ សោភា ត្រូវបានទម្លាយឱ្យដឹងថា បានដើរដល់ផ្លូវបំបែកកាលពីប៉ុន្មានខែកន្លងទៅ ទាំងដែលគ្មាននរណាម្នាក់បានដឹងពីមូលហេតុច្បាស់លាស់ឡើយ ។

ប៉ុន្តែនៅថ្មីៗនេះមហាជនជាពិសេសអ្នកគាំទ្ររបស់តារាប្រុសស្រីដ៏មានប្រជាប្រិយភាពទាំងពីរដួងនេះ ស្រាប់តែចាប់អារម្មណ៍ និងមានមន្ទិលសង្ស័យថា អ្នកទាំងពីរកំពុងសង្ងំផ្សះផ្សារចំណងស្នេហ៍ជាមួយគ្នាជាថ្មី ឬកំពុងតែត្រូវរ៉ូវគ្នាវិញថែមទៀតផង ។ មន្ទិលសង្ស័យនេះ បានកើតមានឡើងបន្ទាប់ពីមហាជនបានឃើញសារឆ្លងឆ្លើយគ្នានៅលើបណ្ដាញសង្គមមួយកាលពីល្ងាចមិញ ។

ដោយនៅថ្ងៃទី០៨ ខែមិថុនា ល្ងាចមិញនេះ គឺជាថ្ងៃកំណើតរបស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា ។ ប៉ុន្តែទន្ទឹមនឹងនោះគេប្រទះឃើញអតីតសង្សារគឺលោក ឆឹម សក្កដា បានបង្ហោះសារជូនពរមនុស្សម្នាក់ពីចម្ងាយ ខណៈដែលសំណេរនៃពាក្យជូនពរនោះហាក់មានបង្កប់នូវអត្ថន័យអ្វីម្យ៉ាង ។ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍បំផុតនោះ គឺនៅល្ងាចថ្ងៃដដែលនេះ ពេជ្រ សោភា ទទួលបានកាដូនំខេកយ៉ាងស្រស់ស្អាតមួយតែមិនដឹងថា ម្ចាស់នំខេកនេះជានរណាឡើយ ។ ប៉ុន្តែបើមើលទៅលើអក្ខរាដែលចារលើនំខេកជូនពរថ្ងៃកំណើត ពេជ្រ សោភា នោះ គឺដូចគ្នាទាំងស្រុងនៃសំណេរជូនពរមនុស្សម្នាក់របស់លោក ឆឹម សក្កដា ដែលខ្លឹមសារថា៖ «សូមឱ្យមានតែស្នាមញញឹមគ្រប់ពេល» ។

ក្រោយពីបានឃើញដូចនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាពិសេសអ្នកគាំទ្ររបស់ ពេជ្រ សោភា ជាច្រើននាក់បានបញ្ចេញមតិតាមរយៈប្រអប់ខមិនដោយសន្និដ្ឋានយ៉ាងច្បាស់ថា នំខេកដែលមិនបានបញ្ជាក់ឈ្មោះម្ចាស់ ជូនពរ ពេជ្រ សោភា នេះ គឺជានំខេករបស់ ឆឹម សក្កដា និងសង្ស័យថា អ្នកទាំងពីរបានត្រូវរ៉ូវគ្នាវិញហើយ ។

បើទោះជាយ៉ាងណានេះគ្រាន់តែជាលើកឡើងរបស់មហាជនតែប៉ុណ្ណោះ ខណៈការពិតយ៉ាងណានោះនៅមិនទាន់មានការបញ្ជាក់ពីសាមីខ្លួនឡើយ ។ ប៉ុន្តែប្រសិនបើដូចការជាលើកឡើងរបស់មហាជននៅលើបណ្ដាញសង្គមមែននោះ វាគឺជាដំណឹងដ៏រីករាយមួយដែលអ្នកគាំទ្ររបស់អ្នកទាំងពីរចង់ឃើញបំផុត ។ ម្យ៉ាងទៀត នៅថ្ងៃកំណើតរបស់លោក ឈឹម សក្កដា នាពេលកន្លងមក គេក៏ឃើញតារាចម្រៀង ពេជ្រ សោភា បង្ហើរសារជូនពរលោកផងដែរ ទោះកំពុងរួមរឹតដោយដំណឹងនៃការបែកបាក់គ្នាយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា ពេជ្រ សោភា បានរងបរាជ័យស្នេហាជាច្រើនលើកមកហើយ ពោលគឺនាងបានបែកបាក់អតីតគូដណ្តឹងនៅអាមេរិក និងបានលែងលះប្តីកាលពីអំឡុងឆ្នាំ២០១៦ បន្ទាប់ពីនាងបានរៀបការ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ។ ក្រោយបែកបាក់ពីអតីតស្វាមី អ្នកមេម៉ាយឡើងកូដរូបនេះបានចាប់ផ្ដើមមានចំណងស្នេហាថ្មី ជាមួយនឹងតារាសម្តែង និងម៉ូដែលលោក ឆឹម សក្កដា ប៉ុន្តែចំណងស្នេហ៍នេះក៏ត្រូវបានទម្លាយឱ្យដឹងថា បានដើរដល់បំបែកជាថ្មី កាលពីប៉ុន្មានខែកន្លងទៅនេះ ៕ អត្ថបទ៖ ម៉ៅ វិបុល