តារាស្រីដើមកំណើតចិន នាង Liu Yifei មានឈ្មោះដើមថា Crystal Liu កើតនៅខែសីហាឆ្នាំ១៩៨៧ នាងមានឈ្មោះនៅលើវិថីសិល្បៈថា Liu Yifei ។ នៅឆ្នាំ២០០២ នាងវិលត្រលប់មកប្រទេសចិនវិញ ហើយបន្តអាជីពសម្តែងរបស់នាងសារជាថ្មី និងប្រើប្រាស់ឈ្មោះលើវិថីសិល្បៈថា Liu Yifei។ នៅប៉ុន្មានសប្តាហ៍ ក្រោយនាងត្រលប់មកដល់ប្រទេសចិន ឃើញថាតារាស្រីនាង Liu ត្រូវបានសាលា Performance Institute of Beijing Film Academy ទទួលនាងអោយចូលសិក្សានៅពេលនាងមានអាយុត្រឹមតែ១៥ឆ្នាំ ហើយនាងបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៦។

នាង Crystal Liu មានសញ្ជាតិ២គឺសញ្ជាតិចិននិងអាមេរិក នាងជាតារាសម្តែង ជាតារាចម្រៀង និងជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាតមួយរូប និងតែងតែបង្ហាញភាពលេចធ្លោរជាកំពូលតារាស្រីនៅគ្រប់កម្មវិធី។ នាង Liu Yifei មានវត្តមានជាច្រើនលើកច្រើនសារ នៅលើតារាងបញ្ជីកំពូលភាពយន្តចិន១០០រូបដែលមានឥទ្ធិពលបំផុតរបស់ទស្សនាវដ្តី Forbes។ ហើយនាងក៏ជាតារាស្រីម្នាក់ ក្នុងចំណោមតារាស្រី៤នាក់ប្រចាំដួងចិត្តមហាជននិងមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងជោគជ័យប្រចាំប្រទេសចិននៅឆ្នាំ២០០៩។ នៅក្នុងប្រទេសចិន នាង Liu Yifei ត្រូវបានមហាជនអ្នកគាំទ្ររូបនាងដាក់ងារអោយថា «បងស្រីទេពធីតា»។

ក្រុមអ្នកគាំទ្រអន្តរជាតិបានស្គាល់ពីវត្តមានរបស់តារាស្រីចិននាង Liu Yifei តាមរយៈការសម្តែងរបស់នាងនៅក្នុងភាពយន្តរឿង Mulan របស់ក្រុមហ៊ុន Disney។ ការសម្តែងជាតួអង្គនាង Mulan បានធ្វើអោយនាង Liu Yifei ជាប់ឈ្មោះក្នុងបញ្ជីជ្រើសរើសសម្រាប់ពានរង្វាន់ជាច្រើនមានពានរង្វាន់ Critics’ Choice Super Award, ពានរង្វាន់ Kids’ Choice Award និងពានរង្វាន់ Saturn Award។

នាងLiu Yifei គឺជាកូនទោលនៅក្នុងគ្រួសារ។ បច្ចុប្បន្ន ទ្រព្យសម្បត្តិដែលនាងមានគឺមានចំនួនរហូតដល់ទៅ១០លានដុល្លារអាមេរិក។ យោងគេហទំព័រ celebritynetworth។ តារាស្រី Liu Yifei នាងមានឳពុកធម៌ឈ្មោះថា Chen Jinfei ដែលជាប្រធាននៃក្រុមហ៊ុនវិនិយោគ Beijing Tongchan Investment Group ។

តើតារាស្រីលំដាប់A របស់ប្រទេសចិនរូបនេះ មានទេពកោសល្យនិងជំនាញយ៉ាងណាខ្លះទើបនាងនៅរក្សាតំណែងតួស្រីប្រចាំប្រទេសចិនបានទាំងនាងនៅវ័យក្មេងរហូតដល់បច្ចុប្បន្ន។ នាងLiu Yifei មានជំនាញខ្ពស់លើភាសាបរទេស។ នៅឆ្នាំ១៩៩៧ នៅពេលនាងមានអាយុ១០ឆ្នាំ នាងនិងម្តាយរបស់នាង បានធ្វើអន្តោប្រវេស្តន៍ទៅរស់នៅសហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក។ ដោយសារនាងធំពេញវ័យឡើងនៅកណ្តាលទីក្រុងពាណិជ្ជកម្មវិនិយោគដ៏ធំរបស់សហរដ្ឋអាមេរិកបែបនេះហើយ ទើបធ្វើអោយតារាស្រីនាងLiu Yifei អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ និងស្ទាត់ជំនាញបន្ថែមពីលើភាសាចិនដែលជាភាសាកំណើតរបស់នាង។ នាង Liu Yifei ក៏អាចនិយាយភាសាកូរ៉េ និងភាសាជប៉ុនបានល្អផងដែរ។

Liu Yifei នាងជាតារាបង្ហាញម៉ូត ។ Liu Yifei បានចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូដតាំងពីនាងមានអាយុ៨ឆ្នាំ។ ក្រៅពីការសម្តែង នាងក៏ជាតារាម៉ូឌែលមានកេរ្តិ៍ឈ្មោះក្នុងឧស្សាហកម្មម៉ូដផងដែរ។ ជាច្រើនឆ្នាំមកនេះ Yifei បានលេចមុខក្លាយជាឯកអគ្គរដ្ឋទូតនៃម៉ាកល្បីៗជាច្រើនរបស់ចិនដូចជា Garnier និង Pantene ។

រូបសម្រស់ស្រស់ស្អាតជាប់ឈ្មោះជាកំពូលតារាស្រីមានអ្នកគាំទ្រទូទាំងពិភពលោកទៅហើយ នាងនៅមានទេពកោសល្យខាងផ្នែកចម្រៀងថែមទៀតផង។ តារាស្រី Liu Yifei បានចុះកុងត្រាជាមួយផលិតកម្ម Sony Music Entertainment Japan នៅឆ្នាំ២០០៥។ នាងបានចេញបទចម្រៀងដំបូងមានចំណងជើងថា “Mayonaka no Door” ជាមួយផលិតកម្ម Sony Music

នៅខែកក្កដាឆ្នាំ២០០៦។ បទចម្រៀង Mayonaka no Door ទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតដល់ត្រូវបានជ្រើសរើសឱ្យក្លាយជាបទចម្រៀងសម្រាប់ខ្សែភាពយន្តគំនូរជីវចល Powerpuff Girls Z ថែមទៀតផង។

Liu Yifei នាងទទួលបានការបណ្តុះបណ្តាលផ្នែកក្បាច់គុនពិត។ Liu Yifei មានជំនាញប្រយុទ្ធដាវនិងក្បាច់គុនចិន។ ដោយសារតារាស្រីរូបនេះ ធ្លាប់ដើរតួក្នុងភាពយន្ត “The Forbidden Kingdom” ក្នុងឆ្នាំ ២០០៨ ដូច្នេះនាងត្រូវហាត់រៀនក្បាច់គុណពិតៗដើម្បីឲ្យការសម្ដែងកាន់តែសក្តិសម។ នៅចុងឆ្នាំ ២០២០ នាងក៏លេចមុខក្នុងភាពយន្តបែបក្បាច់គុណជាថ្មីម្ដងទៀតដោយដើរតួជានាង Mulan ។ សម្រាប់តំណែងជាតារាស្រីនាង Mulan ឃើញថា តារាស្រី Liu Yifei ត្រូវឆ្លងកាត់ការប្រកួតប្រជែងជាមួយបេក្ខភាពតារាស្រីចំនួនជិត១ពាន់នាក់ផ្សេងទៀត ពីបណ្តាប្រទេសផ្សេងៗ សម្រាប់តំណែងជាតួអង្គ Mulan ហើយរយៈពេលដែលក្រុមហ៊ុន រើសតួអង្គស្រីនេះគឺប្រើពេលដល់ទៅ១ឆ្នាំ។ មូលហេតុដែលក្រុមការងារភាពយន្ត Mulan ជ្រើសយកតារាស្រីLiu Yifei សម្តែងជាតួអង្គMulan គឺដោយសារនាងមានជំនាញខាងក្បាច់គុណ អាចនិយាយភាសាអង់គ្លេសបាន ហើយនាងជាតារាស្រីមានសមត្ថភាពខាងសិល្បៈយ៉ាងប្រាកដ៕