រថយន្ដសេរីទំនើបម៉ាក Lexus570 របស់លោក ករុណា ពេជ្រ ត្រូវបានក្មេងៗមួយក្រុមជិះម៉ូតូបុកបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។ នេះបើយោងការបង្ហោះឱ្យដឹងពីតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ ។

ដោយនៅលើទំព័ហ្វេសប៊ុកផ្លូវការរបស់ខ្លួន ករុណា ពេជ្រ បានបញ្ជាក់ថា នៅវេលាម៉ោង៨យប់ ខណៈដែលខ្លួនចេញពីពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់អ្នកស្គាល់នៅស្រុកកៀនស្វាយ ស្រាប់តែមកដល់ចំណុចទីប្រជុំជនមួយកន្លែងលើដងផ្លូវហាន់ណូយ មានក្មេងៗ៣នាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿនបុកចំឡានផ្នែកចំហៀង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។ បើទោះជាយ៉ាងណាគ្រោះថ្នាក់ដោយចៃដន្យនេះមិនបានបង្កជារបួសស្នាមធ្ងន់ធ្ងរអ្វីឡើយ ។
ថ្លែងជាសារសំឡេងជាមួយ តារាញូស៍លោក ករុណា ពេជ្រ បានអះអាងថា សំណាងណាស់ដែលមិនមានអ្នកប៉ះពាល់ដល់ជីវិត ប៉ុន្តែចំពោះលោកទៅវិញទេដែលជាអ្នកធ្ងន់ធ្ងរ នោះគឺត្រូវចំណាយថ្លៃជុសជុលរថយន្ដឡើងវិញខ្ទង់រាប់ពាន់ដុល្លារ ។ លោកថា រថយន្ដម៉ាក Lexus570 របស់ខ្លួននេះ គឺត្រូវជុសជុលឡើងវិញជាច្រើនកន្លែងដូចជាចង្កៀងមុខ និងបដាផ្សេងៗដែលគិតការចំណាយសរុបអាចប្រហែលខ្ទង់ជាង ៣,០០០ ដុល្លារ ។
បើទោះជាយ៉ាងណាលោក ករុណា ពេជ្រ សង្កត់ធ្ងន់ថា លុយ ឬឡានលោកអាចមានលទ្ធផលជុសជុល ឬទិញថ្មីវិញបាន ប៉ុន្តែប្រសិនបើគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ឬយ៉ាងណានោះ គឹប្រាកដជាស្ដាយក្រោយហើយ ។ លោកបានសុំណូមពរដល់អ្នកបើកបរលើដងផ្លូវគ្រប់រូបឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងជួបគ្រោះថ្នាក់ដោយប្រការណាមួយ និងប៉ះពាល់ដល់អាយុជីវិត និងមានវិបដិសារីយ៍នៅពេលក្រោយ ។
គួរបញ្ជាក់ថា ក្រៅពីតារាចម្រៀងលោក ករុណា ពេជ្រ តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មថោនពីរដួងទៀត ក៏បានជួបគ្រោះថ្នាក់ដូចជាករណីខាងលើនេះដែរ នោះគឺលោក ពេជ្រ ថាណា និងកញ្ញា រាប៊ី ផងដែរ ៕



