ថ្មីៗនេះមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាសម្ដែង​ស្រី​និយមស៊ិចស៊ីកញ្ញា ព្រីម លីហ្សា ទម្លាយរឿងមានកូនប្រុសអាយុ៦ឆ្នាំម្នាក់ ។

រយៈពេលជា​ច្រើន​ឆ្នាំមកហើយ ពោលគឺចាប់តាំងពី ព្រី លីហ្សា ប្រឡូកក្នុងវិស័យសិល្បៈ​រហូត​មានឈ្មោះបោះសំឡេងគ្មាននរណាបានដឹងថា តារាស្រីរូបនេះធ្លាប់មានស្វាមី ឬរៀប​ការ​នោះឡើយ ប៉ុន្តែនៅពេលថ្មីៗនេះបែរជាបង្ហាញមុខកូនប្រុសម្នាក់ដែលមានវ័យ៦ឆ្នាំទៅ​ហើយ ខណៈដែលមុខមាត់របស់ស្វាមី ឬឪពុករបស់ក្មេងប្រុសបែបណានោះស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅឡើយ ។

ការចាប់អារម្មណ៍នេះបានកើតឡើង ក្រោយពេលដែលសកម្មភាពលើបណ្ដាញសង្គម​តារាសម្ដែងចូលចិត្តតែខ្លួនស៊ិចស៊ី ព្រីម លីហ្សា ​បង្ហាញ និងទម្លាយនូវមុខមាត់​ក្មេងប្រុស​ម្នាក់ ជាមួយពាក្យ​ពេចន៍គួរឲ្យ​ចាប់​អារម្មណ៍ថា៖ «នេះហើយ គឺជាអ្នកដែល​ធ្វើឲ្យខ្ញុំមាន​កម្លាំងចិត្ត ក្នុងការតស៊ូនៅក្នុងជីវិត ដើម្បីដើរមកដល់សព្វថ្ងៃនេះ My Baby, I love u single mom តែង​តែយកពេលវេលាមើលថែទាំគាត់ ហើយនិងផ្ដល់​ភាពកក់ក្ដៅ​ឲ្យគាត់ជានិច្ច..!» ។

ក្រៅពី​នេះ គេក៏តែងតែប្រទះឃើញតារាសម្ដែងស្រីនិយមស្លៀកពាក់បែប Fashion រូបនេះ កាន់ដៃ​ក្មេង​ប្រុសខាងលើដើរកម្សាន្ដនៅកន្លែងនានាជាប្រចាំថែមទៀតផង ។ ប៉ុន្តែអ្វី​ដែល​មហាជន និង​អ្នកដែលនិយមតាមដានពីជីវិតដ៏ហ៊ឺហារបស់ ព្រីម លីហ្សា មានចម្ងល់​នោះគឺ ហេតុ​អ្វី​បាន​ជាតារាសម្ដែងកូនកាត់បីសាសន៍រូបនេះមិន​បង្ហាញ​មុខស្វាមី? ។ បើទោះ​ជា​យ៉ាងណា ព្រីម លីហ្សា  ធ្លាប់បានអះអាងថា កូនប្រុសម្នាក់នេះហើយ​ដែលជាកម្លាំង​ចិត្ត​ជួយឱ្យនាង​ដើរមកដល់​សព្វថ្ងៃ ។

គួរបញ្ជាក់ថា ព្រីម លីហ្សា ជាតារាបង្ហាញម៉ូដរូបស្រស់ ស៊ិចស៊ី ល្បីឈ្មោះ ដែលមាន​ភាព​លេចធ្លោក្នុងពិភពបង្ហាញម៉ូដ ដោយសារនាងតែងតែបង្ហាញនូវរូបភាពសិល្បៈ និង​ម៉ូដ​បែប​ស៊ីវិល័យ ទាន់សម័យ និងពេញនិយម ។ មិនតែប៉ុណ្ណោះ ព្រីម លីហ្សា ជាតារាសម្ដែងស្រី​ដែលពេញនិយម និងមានភាពទាក់ទាញបំផុតកាលពីប៉ុន្មានឆ្នាំមុន ។ បើទោះជាយ៉ាងណាតារាស្រីកូនកាត់បីសាសន៍រូបនេះមិនដែលបង្ហាញមុខគូស្នេហ៍ ឬរូប​ថត​អាពាហ៍ពិពាហ៍ជាមួយបុរសណាឡើយ ប៉ុន្តែថ្មីៗនេះ ព្រីម លីហ្សា ក៏ស្រាប់តែបង្ហាញ​មុខ​ក្មេងប្រុស​អាយុ៦ឆ្នាំម្នាក់ ដែលអះអាថា ជាកូនប្រុសបង្កើតរបស់នាង ជាហេតុធ្វើឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ៕