តារាចម្រៀងកាណាដាល្បីឈ្មោះ លោក Justin Bieber កើតជំងឺ Ramsay Hunt (រ៉េមស៊ីហាន់) ជាជំងឺម្យ៉ាង ដែលធ្វើអោយអ្នកជំងឺមិនអាចបញ្ជាចលនាមុខបាន គឺប្រៀបដូចខ្វិនមុខ។

តារាចម្រៀងវ័យ២៨ឆ្នាំរូបនេះ បានបង្ហាញពីអាការៈជំងឺទៅកាន់ក្រុមអ្នកគាំទ្ររាប់លាននាក់របស់លោកនៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញអ៊ីនស្ត្រាក្រាម បន្ទាប់ពីលោកបានលុបចោលរាល់ការប្រគំតន្ត្រីទាំងអស់របស់លោកដើម្បីយកពេលវេលាមកព្យាបាលជំងឺ។

ក្នុងclip វីដេអូរយៈពេល៣នាទី តារាចម្រៀង Justin Bieber បានប្រាប់ទៅកាន់ក្រុមអ្នកគាំទ្រ៥៣៩,២លាននាក់របស់លោកយ៉ាងដូច្នេះថា « Hey គ្រប់គ្នា Justin នៅទីនេះ។ ខ្ញុំចង់មកប្រាប់អ្នកទាំងអស់គ្នា ពីស្ថានភាពរបស់ខ្ញុំនាពេលបច្ចុប្បន្ន។ អ្នកទាំងអស់គ្នា ប្រហែលជាបានឃើញផ្ទៃមុខរបស់ខ្ញុំហើយ។ ខ្ញុំកើតមានជំងឺ Ramsay Hunt (រ៉េមស៊ីហាន់)។ វីរុស ដែលវាយប្រហារសរសៃប្រសាទត្រចៀក និងសរសៃប្រសាទមុខរបស់ខ្ញុំ បានធ្វើអោយមុខរបស់ខ្ញុំខ្វិន។ អ្នកឃើញទេ សូម្បីភ្នែកម្ខាងមិនអាចកំរើកធ្វើចលនាបាន»។

លោក Justin Bieber បន្តថា លោកខូចចិត្តដែលត្រូវលុបចោលកម្មវិធីប្រគំតន្រ្តីទាំងអស់ (ទាំងនេះធ្វើឡើងតាមការណែនាំរបស់ក្រុមគ្រូពេទ្យ)។ ខ្ញុំស្រឡាញ់អ្នកគាំទ្រទាំងអស់គ្នាខ្លាំងណាស់។ ខ្ញុំ សុំសម្រាក ស្ថានភាពសុខភាពខ្ញុំនិងបានកាន់តែប្រសើរឡើង។

ជារឿងរ៉ាវកំសត់បន្តិចហើយសម្រាប់តារាចម្រៀងលោក Justin Bieber និងនាងHailey Baldwin ជាភរិយាដែលត្រូវបានគេចាត់ទុកថាជាគូស្វាមីភរិយាវ័យក្មេងនៅក្នុងពិភពសិល្បៈ
ហូលីវូត។ អាចរំលឹកឡើងវិញបានថា កាលពីប៉ុន្មានខែកន្លងទៅ គឺនៅខែមិនា តារាបង្ហាញម៉ូតនាង Hailey Baldwin Bieber ដែលជាភិរិយាតារាចម្រៀងល្បីឈ្មោះជនជាតិកាណាដាលោក Justin Bieber កើតមានជំងឺកំណកឈាមតូចមួយនៅខួរក្បាលរបស់នាង។

កាលណោះ សារព័ត៌មានបរទេសPEOPLEដែលដកស្រង់ប្រភពជិតស្និទ្ធនិងតារាចម្រៀងទាំងពីរនាក់នេះអោយដឹងថា តារាបង្ហាញម៉ូតវ័យ២៥ឆ្នាំ បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ California។ Hailey នាងចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ចំពោះអាការៈរោគរបស់នាងដែលមានសញ្ញាណដូចជាជំងឺស្ត្រូក(stroke) ដែលបង្កឡើងពីបញ្ហាកំណកឈាមតូចមួយនៅក្នុងខួរក្បាលរបស់នាង។

នៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាមរបស់ Hailey ក្រោយពីនាងបាន ធូរស្បើយពីជំងឺ ឃើញថាតារាបង្ហាញម៉ូតរូបនេះ បានរៀបរាប់ដូច្នេះទៅកាន់ក្រុមអ្នកគាំទ្រថា ពេលនាងអង្គុយទទួលទានអាហារពេលព្រឹកជាមួយ Justin នាងចាប់ផ្តើមមានអាការៈដូចជាជំងឺស្រ្តូក ហើយនាងក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រុមគ្រូពេទ្យរកឃើញថា នាងបញ្ហាកំណកឈាមតូចមួយនៅក្នុងខួរក្បាលរបស់នាង ដែលធ្វើអោយកើតមានបញ្ហាខ្វះអុកស៊ីសែន។ ប៉ុន្តែរាងកាយរបស់នាងបានឆ្លងកាត់ផុតពេលវេលាដ៏លំបាកនេះ ហើយក៏បានជាសះស្បើយទាំងស្រុងហើយដែរ»។ ជាមួយគ្នា Hailey បានអរគុណដល់ក្រុមអ្នកគាំទ្រចំពោះការគាំទ្រនិងស្រឡាញ់រូបនាងនិងដែលបារម្ភពីនាង និងបានជួនពរនាង។

បញ្ហាសុខភាពរបស់តារាបង្ហាញម៉ូត Hailey កើតឡើង ក្រោយពីJustin តេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីខែមុន។ តារាចម្រៀងម្ចាស់បទ Love Yourself នៅពេលនេះ បានជាសៈស្បើយពីជំងឺកូវីដ១៩។

តារាចម្រៀងកាណាដាល្បីឈ្មោះ លោក Justin Bieber និងជាកំពូលតារាចម្រៀងមានទ្រព្យសម្បត្តិច្រើនរហូតដល់ទៅ២៨៥លានដុល្លារអាមេរិក(យោងគេហទំព័រ celebritynetworth) និងនាង Hailey Baldwin ពួកគេទាំងពីរនាក់រៀបការនៅឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះ អ្នកទាំងពីរនៅមិនទាន់មានដំណឹងកូនចៅនៅឡើយទេ។ នាង Hailey Baldwin (យោងគេហទំព័រ wealthygorilla នាងមានទ្រព្យសម្បត្តិ២០លានដុល្លារអាមេរិក)។