ថ្មីៗនេះ នៅទំព័រហ្វេសប៊ុករបស់អតីតតារាសម្ដែងល្បីឈ្មោះ ឡោម លក្ខិណា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីកូនប្រុសមានជំងឺម្យ៉ាង ។
តាមរយៈសំណេរមួយដែលបង្ហោះកាលពីម្សិលមិញ ឡោម លក្ខិណា បានឱ្យដឹងថា កូនប្រុសរបស់នាងមានជំងឺទឹកដក់ក្នុងតម្រងនោម និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ។ ក្នុងនាមជាម្ដាយ ឡោម លក្ខិណា បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកូន ដោយនាងបានបន់ស្រន់ដល់ព្រះសំពះដល់ទេពតាឱ្យតាមជួយថែរក្សាកូនប្រុសបណ្ដូលចិត្តរបស់នាង ឱ្យបានឆាប់ជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញទៀតផង ។

ដោយក្នុងនោះអតីតតារាស្រីទឹកភ្នែក ឡោម លក្ខិណា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះកូនម៉ាក់ត្រូវចូលម៉ាស៊ីនធំព្យាបាលជំងឺ សូមព្រះប្រទានពរកូនម៉ាក់ឱ្យជួបតែសំណាងល្អ ជៀសផុតពីជំងឺទាំងអស់ ឆាប់បានត្រឡប់មកផ្ទះវិញណាកូន» ។ ទន្ទឹមនឹងនោះមានសិល្បករធ្លាប់រួមអាជីព និងរាប់អាន ឡោម លក្ខិណា និងគ្រួសារជាច្រើនចូលរួមជូនពរដល់ម្ដាយ និងកូនរូបនេះ ។
សូមរំលឹកថា ឡោម លក្ខិណា ជាអតីតតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាពកាលពីជាង១០ឆ្នាំមុន ពោលគឺនាងបានដើរលើវិស័យសិល្បៈតាំងតែពីក្មេង ជាមួយគ្នានឹងតារាសម្ដែងទឹកភ្នែក គឺអ្នកនាង លី ចាន់សីហា ។ ប៉ុន្តែបន្ទាប់ពីសាងបានប្រជាប្រិយភាព ឡោម លក្ខិណា ក៏ហាក់ឃ្លាតឆ្ងាយពីអាជីពបន្តិចម្ដងៗ និងចាប់ដៃសាងគ្រួសារជាមួយលោក ប៉ា ពិសិដ្ឋ ដែលទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ។
បន្ទាប់ពីលោក ប៉ា ពិសិដ្ឋ ទទួលមរណភាព និងស្ពាយឈ្មោះជាស្ត្រីមេម៉ាយកូនមួយជាងមួយឆ្នាំ អតីតតារាសម្ដែង ឡោម លក្ខិណា ក៏បានសាងស្នេហ៍ថ្មីជាមួយមន្រ្តីរាជការបម្រើការងារនៅក្រសួងមហាផ្ទៃម្នាក់គឺលោក ឆាង វណ្ណាពង្សសត្យា និងបច្ចុប្បន្នអ្នកទាំងពីរមានចំណងដៃកូនប្រុសម្នាក់ ។
បើទោះជាយ៉ាងណាពេលនេះអ្នកនាង ឡោម លក្ខិណា កំពុងជួបនូវបញ្ហាព្រួយបារម្ភមួយ ដោយកូនប្រុសមានជំងឺទឹកដក់ក្នុងតម្រងនោម និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕





