នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ តារាសម្ដែងស៊ិចស៊ីកញ្ញា មាន សូនីតា បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយ ក្រោយពីឪពុកទទួលមរណភាព ។ ដំណឹងនេះបានធ្វើឱ្យមហាជន សិល្បករសិល្បការិនីជាច្រើនសម្ដែងការតក់ស្លុត និងសោកស្ដាយជាខ្លាំង ។

ជាការពិត មាន សូនីតា ទើបតែទទួលអារម្មណ៍រីករាយកាលពីល្ងាចមិញ ពោលគឺនៅថ្ងៃសម្ភោធរឿងកុនដ៏ធំមួយដែលដឹកនាំដោយអ្នកស្រី ពាន់ ភួងបុប្ផា និងមានចូលរួមសម្ដែងដោយរូបនាងផ្ទាល់ និងតារាសាច់ដុំលោក អេដវីន ។ ប៉ុន្តែរយៈពេលនៃការរីករាយរំលងមិនបានប៉ុន្មានម៉ោងផង មាន សូនីតា ស្រាប់តែជួបទុក្ខដ៏ក្រៀមក្រំផុតក្នុងជីវិត ដោយឪពុករបស់នាងបានទទួលមរណភាព ។
កន្លងមកតារាស្រីនិយមស្លៀកពាក់ខ្លី បញ្ចេញគល់ភ្លៅស្រឡូន និងសាច់សខ្ចីកញ្ញា មាន សូនីតា ធ្លាប់ទម្លាយថា នាងមិនសូវទទួលបានភាពកក់ក្ដៅពីឪពុក និងក្រុមគ្រួសារប៉ុន្មានឡើយ ព្រោះឪពុកម្តាយរបស់នាងបានបែកបាក់គ្នាតាំងតែពីនាងនៅតូច ។ ប៉ុន្តែបើទោះជាយ៉ាងនៅឪពុកទទួលមរណភាព សូនីតា បានប្រកាសកាន់ទុក្ខ និងថែមទាំងភ្ជាប់នូវខ្លឹមសារយ៉ាងស្រងេះស្រងោច ។ នាងបានសរសេរថា៖ «កូនសូមបួងសួងដល់វិញ្ញាណក្ខ័ន្ធលោកពុកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ យ៉ាងណាក៏ជាលោកឪពុក សូមពុកទៅឱ្យបានសុខ» ។
បើទោះជាយ៉ាងគ្មាននរណាដឹងថា ឪពុករបស់តារាស្រីរាងតូចច្រឡឹងរូបនេះទទួលមរណភាពដោយសារមូលហេតុអ្វីនោះឡើយ ប៉ុន្តែនៅគ្រាជួបទុក្ខធំនេះ មាន សូនីតា ទទួលបានការលើកទឹកចិត្តជាច្រើនពីសំណាក់មហាជន ពិសេសសិល្បករសិល្បការិនីរួមអាជីពជាច្រើនបានចូលរួមសម្ដែងការស្ដាយ និងផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់នាង ។
ជាកត់សម្គាល់ មួយរយៈចុងក្រោយនេះនៅក្នុងចម្កោមអ្នកសិល្បៈហាក់មានតារាមួយចំនួនបានជួបនូវទុក្ខជាបន្តបន្ទាប់គ្នា ក្នុងនោះមានតារាចម្រៀងកញ្ញា សុវត្ថិឌី ធារីកា បានបាត់បង់ឪពុកម្ដាយដោយមូលហេតុគ្រោះថ្នាក់ក្រឡាប់រថយន្ដនៅខេត្តព្រះវិហារ ការបាត់បង់តារាសម្ដែងកញ្ញា គង់ ម៉ូនីកា និងតារាសម្ដែង ឆៃលី ដាឡែន បានបាត់បង់បងប្រុស ហើយនៅថ្ងៃនេះក៏មានកញ្ញា មាន សូនីតា ផងដែរ ៕ អត្ថបទ៖ ម៉ោ វិបុល



