ភ្នំពេញ៖ ក្នុងពិធីសម្ពោធផ្សារកុងតឺន័រអាម៉ាហ្សូននៅទួលសង្កែ កាលពីរាត្រីម្សិលមិញនេះ តារាចម្រៀងសំឡេងក្រអួនក្រអៅ មាស សុខសោភា បានបង្ហាញ​មុខគូស្នេហ៍ជាសាធារណៈ ដោយបានណែនាំឲ្យមិត្តភក្រអ្នកសិល្បៈបានស្គាល់ និងអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតរូបដោយសេរីទៀតផង ។ ទន្ទឹមនឹងការបង្ហាញមុខគូស្នេហ៍នេះ ត្រូវបានមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈកន្លងមកតារាចម្រៀងរូបនេះ ព្យាយាមបិទបាំងមុខគូស្នេហ៍អស់រយៈពេលរាប់ឆ្នាំ ។

ពាក់ព័ន្ធរឿងនេះ ប្រភពអ្នកសិល្បៈជិតស្និទ្ធតារាចម្រៀង មាស សុខសោភា បានបង្ហើបថា “មាស សុខសោភា បានចងសម្ព័ន្ធស្នេហ៍ជាមួយ លោក អ៊ឹត រ៉ាដា អាណិកជនខ្មែរនៅកាណាដា រយៈពេល11ឆ្នាំមកហើយ ដោយពុំបានឆ្លងកាត់នឹមអាពាហ៍ពិពាហ៍នោះទេ រហូតមកទល់ពេលនេះ” ។ ប្រភពដដែលបានបន្តថា “ទំនាក់ទំនងស្នេហារបស់ពួកគេ ឈានដល់ដំណាក់កាលរួមរស់ជាមួយគ្នាក្រោមដំបូលផ្ទះតែមួយយូរណាស់មកហើយ” ។

ក្នុងទិដ្ឋភាពនោះ តារាចម្រៀង មាស សុខសោភា បានញញឹមយ៉ាងស្រស់នៅពេលអង្គុយជិតគូស្នេហ៍ ហាក់ដូចជាមិនបានលាក់លៀមអ្វីឡើយ ដោយមជ្ឈដ្ឋានខ្លះលើកឡើងថា នាងមិនលាក់លៀមទៀតទេ ព្រោះតារាចម្រៀង មាស សុខសោភា និងលោក អ៊ឹត រ៉ាដា មានគម្រោងដឹកដៃគ្នាចូលរោងការ ដូចតារាចម្រៀងស្រគត់ស្រគំ សុគន្ធ នីសា ដែរ នាពេលឆាប់ៗខាងមុខនេះ ៕