នាង Aishwarya Rai Bachchan កើតនៅខែវិច្ឆិកា ឆ្នាំ១៩៧៣ នាងជាតារាស្រីឥណ្ឌា និងជាម្ចាស់មកុដបវរកញ្ញាMiss World ឆ្នាំ១៩៩៤។ នាងជាតារាស្រីល្បីឈ្មោះ ឈរនៅតំណែងលំដាប់A ក្នុងពិភពឧស្សាហកម្មភាពយន្តបូលីវូត។ ជាតារាស្រីម្នាក់ នាងបានវិវត្តន៍ខ្លួនក្លាយជាមុខមាត់នៃក្រុមតារាសិល្បៈដែលមានប្រជាប្រិយភាពបំផុត និងមានឥទ្ធិពលបំផុតប្រចាំប្រទេសឥណ្ឌា។ តារាស្រី Rai ក្រោមស្នាដៃសម្តែងដ៏មានទេពកោសល្យនិងភាពជឿជាក់ ធ្វើអោយនាងទទួលបានពានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន ពានរង្វាន់ Filmfare Awards និងទទួលបានពានរង្វាន់ Padma Shri ដែលជាពានរង្វាន់សម្រាប់ប្រជាជនស៊ីវិលខ្ពស់បំផុតលំដាប់ទីបួនរបស់ប្រទេសឥណ្ឌាពីរដ្ឋាភិបាលឥណ្ឌា និងគ្រឿងឥស្សរិយស Ordre des Arts et des Lettres ពីរដ្ឋាភិបាលប្រទេសបារាំងនៅឆ្នាំ២០១២។

បណ្តាសារព័ត៌មាន ដែលតែងតែសរសេររៀបរាប់ពីតារាស្រីរូបនេះតែងតែភ្ជាប់ពាក្យសរសើនាងថា “the most beautiful woman in the world” ស្រ្តីដែលស្រស់ស្អាតបំផុតនៅក្នុងពិភពលោក។ ក្នុងនាមជាតារាស្រីដែលមានឈ្មោះធំមួយនៅក្នុងចំណោមបណ្តាតារាស្រីដែលមានកេរ្តិ៍ឈ្មោះល្បីផ្សេងទៀតនៅក្នុងពិភពឧស្សាហកម្មភាពយន្តឥណ្ឌា នាង Aishwarya Rai Bachchan ជាតារាស្រីឈានមុខដ៏ជោគជ័យម្នាក់ជានិមិត្តរូបជាសាកលរបស់ក្រុមអ្នកគាំទ្រ ហើយនាងក៏រីករាយនឹងក្រុមអ្នកគាំទ្រនាងយ៉ាងច្រើននៅជុំវិញពិភពលោកផងដែរ។

ក្រៅពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ នាង Aishwarya Rai Bachchan មានទ្រព្យសម្បត្តិ១០០លានដុល្លារអាមេរិក ជាទ្រព្យសម្បត្តិដ៏ច្រើនបំផុតនៅក្នុងចំណោមបណ្តាស្រីល្បីផ្សេងទៀតនៅពិភពបូលីវូតឥណ្ឌា។

នាង Priyanka Chopra-Jonas បើនិយាយពីតារាស្រីមានទ្រព្យសម្បត្តិច្រើន គេមិនភ្លេចឡើយតារាស្រីឥណ្ឌារូបនេះ (នាងមានទ្រព្យសម្បត្តិ៧០លានដុល្លារអាមេរិក)។ ឈានជើងពីពិភពបូលីវូតឥណ្ឌា ទៅជាតារាសិល្បៈដ៏រីកដុះដាលនៅក្នុងពិភពភាពយន្តហូលីវូតអាមេរិកបានធ្វើអោយប្រាក់ចំណូលរបស់នាងក៏បានកើនឡើងខ្ពស់។ បន្ថែមពីលើនេះ នាង Priyanka Chopra ត្រូវបានជ្រើសរើសតែងតាំងជាទួតសុឆន្ទៈថ្នាក់សាកលលោកសម្រាប់ម៉ាកផលិតផលល្បីឈ្មោះលំដាប់អន្តរជាតិBulgari។ នាងនិងស្វាមីជាតារាសិល្បៈដូចគ្នាគឺលោក Nick Jonas ក៏បានដាក់ការវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដូចជាក្រុមហ៊ុន Bumble ជាដើម។ នាងក៏ជាម្ចាស់ក្រុមហ៊ុនផលិតផលថែរក្សាសក់ និងម្ចាស់ភោជនីយដ្ឋាននៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិកផងដែរ។

នាង Kareena Kapoor តារាស្រីជើងចាស់ប្រចាំពិភពឧស្សាហកម្មសិល្បៈឥណ្ឌា នាងមានទ្រព្យសម្បត្តិ៦០លានដុល្លារអាមេរិក។ នាងឈរជើងក្នុងពិភពភាពយន្តបូលីវូតមកជាង២ទសវត្សរ៍មកហើយ។ នាងជាតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់ នាងបានទទួលការងារជាទូតសុឆន្ទៈសម្រាប់ម៉ាកផលិតផលល្បីៗឈ្មោះច្រើនជាង១៥ម៉ាកផលិតផល។ និងជាម្ចាស់អចលនទ្រព្យជាច្រើនកន្លែង រួមទាំងនៅទីក្រុងមុំបៃ។

នាង Anushka Sharma មានទ្រព្យសម្បត្តិ៤៧លានដុល្លារអាមេរិក។ យោងសារព័ត៌មានឥណ្ឌា DNA តារាស្រីនាងឥណ្ឌានាង Anushka Sharma និងជាផលិតករភាពយន្តមួយរូប ។ តារាស្រីរូបនេះទទួលប្រាក់ឈ្នួល២លានដុល្លារអាមេរិក ក្នុងភាពយន្តមួយរឿង ដែលជាប្រាក់ឈ្នួលដ៏ខ្ពស់មួយលើសពីកម្រិតមធ្យមនៅក្នុងពិភពបូលីវូត។ នាង Anushka Sharma ក៏មានការងារជាទូតសុឆន្ទៈអោយម៉ាកផលិតផលគ្រឿងសំអាងជាច្រើនដូចជា Nivea,និង Pantene,។

នាង Deepika Padukone មានទ្រព្យសម្បត្តិ៤០លានដុល្លារអាមេរិក។ នាងជាសកម្មជនមួយរូបនៅក្នុងការទាមទារសមភាពប្រាក់ឈ្នួលស្មើគ្នា។ នាង Deepika Padukoneទទួលបានប្រាក់ឈ្នួល២,៧លានដុល្លារអាមេរិកសម្រាប់ការសម្តែងភាពយន្តមួយរឿង។ ក្រៅពីការងារជាតារាសម្តែងនាងក៏ជាទូតសុឆន្ទៈសម្រាប់ម៉ាកផលិតផលល្បីលំដាប់ពិភពលោកមានដូចជា ម៉ាក Coca-Cola, ម៉ាកNike,ម៉ាក L’Oréal Paris, ម៉ាកChopard និងម៉ាកផលិតផលTissot។