បន្ទាប់ពីបានរួមរស់ជាមួយគ្នាពេញមុខពេញមាត់ក្រោយភ្ជាប់ពាក្យជិត៣ឆ្នាំ ចំណងស្នេហ៍របស់តារាចម្រៀងហង្សមាស គង់ ស្រីពេជ្រ ហៅ ពេជ្រ សូលីកា និងលោក គឹម ហាន ដែលជាអ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់មកពីអូស្រា្ដលី ត្រូវបានមហាជនសង្ស័យថា កំពុងជួបរឿងរកាំរកូសគ្នា ។
មន្ទិលសង្ស័យនេះបានកើតមានឡើង ក្រោយពីប្ដីប្រពន្ធមួយគូនេះលែងសូវមានភាពស្និតស្នាល និងភាពផ្អែមល្ហែមជាមួយគ្នាដូចមុន ជាពិសេសមួយរយៈចុងក្រោយនេះគេសង្កេតឃើញ ពេជ្រ សូលីកា តែងតែបង្ហោះសំណេរប្លែកៗបង្ហាញពីភាពស្រងូតស្រងាត់ម្នាក់ឯងលើបណ្ដាញសង្គម ខុសពីធម្មតាដែលតារាស្រីរាងតូចច្រឡឹងរូបនេះបង្ហោះតែរូបភាពដំណើរកម្សាន្ដជុំគ្នាជាមួយស្វាមី និងកូនប្រុស ជាហេតុធ្វើឱ្យមហាជនគិតថា អ្នកទាំងពីរកំពុងមានភាពរកាំរកូសនឹងគ្នាមែន ។

អ្វីដែលកាន់តែចាប់អារម្មណ៍ និងសង្ស័យជាងនេះទៅទៀតនោះ ក្នុងថ្ងៃជូនដំណើរឪពុកម្តាយត្រឡប់ទៅក្រៅប្រទេសវិញ លោក គឹម ហាន បានបង្ហោះរូបជាច្រើនសន្លឹក ប៉ុន្តែក្នុងនោះគេសង្កេតឃើញថា គ្មានវត្តមានរបស់ ពេជ្រ សូលីកា ឡើយ ។ តើចំណងស្នេហ៍អ្នកទាំងពីរពិតជាមានរឿងរកាំរកូស ហើយឈានដល់ចែកផ្លូវគ្នាពិតមែន ឬយ៉ាងណា? នេះជាសំណួរដ៏រសើបមួយដែលមហាជនជាច្រើនកំពុងចង់ដឹង ។
យ៉ាងណាក្រោយពាក្យចចាមអារ៉ាមលើបណ្ដាញសង្គមកើតមានកាន់ច្រើនឡើងៗ ហើយអ្នកគាំទ្រជាច្រើនបានឆ្លៀតជាហូរហែរមិនឈប់ទៀតនោះ ថ្មីៗនេះ ពេជ្រ សូលីកា ក៏បានចេញមុខបកស្រាយ ដោយនាងហាក់ទទួលស្គាល់ថា នាង និងស្វាមីកំពុងមានរឿងរកាំរកូសគ្នាពិតមែន ប៉ុន្តែក្រៅពីនេះ សូលីកា មិនបានបញ្ជាក់ឡើយនាំឱ្យមានភាពស្រពេចស្រពិល ។
តាមរយៈការឡាយអ្នកនាង គង់ ស្រីពេជ្រ ហៅ ពេជ្រ សូលីកា បាននិយាយថា៖ «ចានក្នុងរាវគង់តែងទង្គិច ធម្មតាទេ ប្តីប្រពន្ធរស់នៅជាមួយគ្នា តែងតែមានការអន់ចិត្តនឹងគ្នាបន្តិចហើយចៀសមិនផុតទេរឿងជីវិប្តីប្រពន្ធនោះ តែបើចង់ជឿលើការចុះផ្សាយមួយចំនួនតាមចិត្តទៅ មិនមែនជីវិតតារា មិនចេះអន់ចិត្តនោះទេ» ។
សូមរំលឹកថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយគូដណ្តឹងគឺលោក គឹម ហាន ជាអនិកជនរស់នៅក្រៅប្រទេស និងជាអ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់មកពីអូស្រា្ដលី កាលពីខែតុលា ឆ្នាំ២០១៩ ។ ក្រោយភ្ជាប់ពាក្យ និងរួមរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធពេញមុខពេញមាត់អស់រយៈជិត៣ឆ្នាំ ពេជ្រ សូលីកា និងលោក គឹម ហាន ទទួលបានកូនប្រុសម្នាក់ ។ ក្រៅពីចំណងដៃកូនប្រុសគ្មានអ្វីកាត់ថ្លៃបាននោះ ប្ដីប្រពន្ធមួយគូនេះសន្សំបានទ្រព្យជាច្រើន ក្នុងនោះនៅឆ្នាំ២០២១ អ្នកទាំងពីរបានទិញផ្ទះវីឡាតម្លៃជាង៣០ម៉ឺនដុល្លារ និងបន្ទប់ខុនដូមួយតម្លៃជាង១០ម៉ឺនដុល្លារ ស្របពេលដែលសព្វថ្ងៃអតីតតារាម្រៀងនៅភោជនីយដ្ឋាន ពេជ្រ សូលីកា ជិះរថយន្ដទំនើបៗដល់ទៅ៣គ្រឿងឆ្លាស់គ្នា មានដូចជា Porsche ,BMW និង Range Rover ៕






