បើនិយាយដល់ពិធីការិនីឆ្នើម អ្នកនាង គង់ សុជាតិ ជឿថាប្រិយមិត្តច្បាស់ជាស្គាល់ ដោយតារារូបនេះបានកសាងកេរ្ដិ៍ឈ្មោះល្បីល្បាញលើវិថីសិល្បៈច្រើនឆ្នាំ។ បើនិយាយដល់ជីវិតឯកជន តារាស្រីរូបនេះកំពុងរស់នៅយ៉ាងមានក្ដីសុខ ជាមួយស្វាមី និងកូនប្រុសស្រីទាំង៣របស់នាង។

ជាមួយគ្នានេះដែរ បើនិយាយដល់កូនច្បងរបស់អ្នកនាង គង់ សុជាតិ ថ្មីៗនេះគេដឹងថាបានភ្ជាប់ពាក្យជាមួយនារីរូបស្អាតម្នាក់។ ក្រោយកូនប្រុសភ្ជាប់ពាក្យរួច ពិធីការិនីឆ្នើមរូបនេះបង្ហាញក្ដីរំភើប ត្រេកអរញញឹមបិទមាត់មិនជិតឡើយ។ ម្យ៉ាងវិញទៀត ក្រោយឃើញកូនប្រុសតារារូបនេះភ្ជាប់ពាក្យ មានមហាជនជាច្រើនបានសម្ដែងក្ដីរំភើបជំនួសអ្នកនាងគ្រប់ៗគ្នា។

ជាក់ស្ដែង បន្ទាប់ពីកូនច្បងអ្នកនាង គង់ សុជាតិ ភ្ជាប់ពាក្យរួច ក្នុងថ្ងៃម្សិលមិញនេះផ្ទាល់ កូនប្រុសតារារូបនេះបានដឹកដៃគូដណ្ដឹងចូលរោងការយ៉ាងរីករាយ និងកក់ក្ដៅ ដោយមានការចូលរួមពីសមាជិកក្រុមគ្រួសារ ក៏ដូចជាភ្ញៀវកិត្តិយសមានមុខមាត់ក្នុងសង្គមជាច្រើន។

មង្គលការកូនប្រុសរបស់ពិធីការិនីល្បីឈ្មោះអ្នកនាង គង់ សុជាតិ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមប្រកបដោយកិត្តិយស។ គេសង្កេតឃើញថា មានវត្តមានឥស្សរជនជាន់ខ្ពស់ និងសិល្បករ រួមទាំងសាច់ញាតិជាច្រើនបានអញ្ជើញចូលរួមនៅក្នុងពិធីហែរជំនូន និងពិធីផ្សេងៗទៀត ដែលរៀបចំឡើងនៅពេលព្រឹក។ ដោយឡែកពិធីជប់លាងទទួលភ្ញៀវកិត្តិយសនាពេលល្ងាចវិញ ក៏មិនធម្មតានោះដែរ ដោយមានសុទ្ធសឹងតែជាតារាល្បីៗ និងអ្នកជំនួញធំៗចូលរូមពិធីមង្គលការ ដែលរៀបចំឡើងយ៉ាងឪឡារិកអធិកអធមនៅអគារ ឌឹ ព្រៀមៀម សែនសុខ។

តាមរយៈវត្តមានរបស់ភ្ញៀវកិត្តិយស ដែលបានចូលរួមយ៉ាងច្រើននោះ បង្ហាញពីមនោសញ្ចេតនារាប់អានចំពោះប្ដីប្រពន្ធពិធីការិនី គង់ សុជាតិ និងពិធីករលោក ជា វិបុល។ បើក្រឡេកមើលអាកប្បកិរិយារបស់លោកមេបាខាងប្រុសទាំងពីររូបនេះ ពិតជាសក្ដិសម ពោរពេញដោយស្នាមញញឹមរួសរាយរាក់ទាក់ចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានផ្ដល់កិត្តិយសចូលរួមមង្គលការកូនប្រុសស្រីរបស់ពួកគេ។

នៅលើបណ្ដាញសង្គម ពិធីការិនី ល្បីឈ្មោះអ្នកនាង គង់ សុជាតិ បានសរសេរបង្ហាញពីអារម្មណ៍របស់ខ្លួនថា ពេលវាលាដែលរង់ចាំបានមកដល់ ពិតជាមានក្តីរីករាយនឹងរំភើប ដែលជាថ្ងៃជយ័សិរីសួស្តីរបស់កូនទាំងពីរ ហើយវត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់ជាការផ្ដល់កិត្តិយសដល់គ្រួសារបស់អ្នកនាង។ ទោះបីជាយ៉ាងណា កន្លងមកពិធីការិនីរូបនេះបានលើកឡើងថា កូនប្រុសច្បងអ្នកនាងធំហើយ ក្លាយជាមេគ្រួសារថែមទៀត ដូច្នោះអ្នកនាងមានតែពាក្យជូនមានសេចក្តីសុខ សុភមង្គល ពេញមួយឆាកជីវិត។ អ្នកនាងបានផ្ដែផ្ដាំថា ជាមេគ្រួសារដ៏ល្អ គឺត្រូវមានទំនួលខុសខ្ពស់ និងជាបង្គោលដ៏រឹងមាំក្នុងក្រុមគ្រួសារ។