ថ្មីៗនេះ មហាជននៅលើបណ្ដាញសង្គមពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានការទម្លាយថា តារាម៉ូឌែលដ៏ស៊ិចស៊ីកញ្ញា អៀ ម៉េងលិ បានចូលរួមប្រកួតបវរកញ្ញា Miss Grand Cambodia 2022 ។

ជាកត់សម្គាល់ នាពេលកន្លងមកតារាសម្ដែង និងជាតារាម៉ូឌែលកញ្ញា អៀ ម៉េងលិ ត្រូវបានមហាជនជាច្រើនស្គាល់ តាមរយៈការសម្ដែងក្នុងបទចម្រៀងល្បីៗ និងសកម្មភាពរស់នៅយ៉ាងស៊ីវីល័យ និងការស្លៀកពាក់ស៊ិចស៊ីមានភាពទាក់ទាញ ។ ប៉ុន្តែថ្មីៗនេះ កញ្ញា អៀ ម៉េងលិ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត បន្ទាប់ពីនាងបានបោះជំហានចង់ក្លាយបវរកញ្ញាប្រចាំឆ្នាំ២០២២ ។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវរបស់កម្មវិធីប្រកួតសម្រស់ និងចំណេះដឹង Miss Grand Cambodia 2022 បានឱ្យដឹងថា បច្ចុប្បន្នស្រីស្អាត អៀ ម៉េងលិ បានក្លាយជាបេក្ខភាពនៃកម្មវិធីហើយ ដែលពេលនេះកំពុងស្ថិតនៅក្នុងវគ្គជម្រុះ ។

បើទោះជាយ៉ាងណាការបង្ហាញវត្តមាននៅក្នុងវិធីលំដាប់ពិភពលោរបស់អតីតសង្សារតារាចម្រៀងនាយចឺមរូបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកដែលនិយមគាំទ្រជាច្រើនចែករំលែកបន្តយ៉ាងច្រើនលើសលុប និងបានបង្ហាញក្ដីរំពឹងខ្ពស់ ដោយក្រុមអ្នកគ្រាំទ្របានអះអាងថា យោងតាមរូបសម្រស់ដ៏ស្រស់ស្អាត អៀង ម៉េងលិ នឹងអាចឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ និងអាចក្លាយជាម្ចាស់មកុដបន្តវេនពីកញ្ញា ប៉ូគឹមថេង សុទ្ធធីតា ដែលជាម្ចាស់ជយលាភីឆ្នាំ២០២១ថែមទៀតផង ។

យ៉ាងណាទន្ទឹមនឹងបានឃើញការគាំទ្រ និងការលើកទឹកចិត្តច្រើនស្ទើរមិនស្មាននោះ ស្រីស្អាត អៀ ម៉េងលិ ក៏បានបង្ហាញនូវក្ដីរំភើបយ៉ាងក្រៃលែង ដ្បិតការ Like និង Share និងការគាំទ្ររបស់ក្រុមអ្នកគាំទ្រ គឺជាការជ្រោមជ្រែងយ៉ាងធំធេងក្នុងការប្រកួតនេះ ។ ដោយកញ្ញា ម៉េងលិ បាននិយាយថា «នាងខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានបងប្អូន និង fan របស់នាងខ្ញុំបានជួយស៊ែរ និង like នាងខ្ញុំពិតជាអរគុណយ៉ាងក្រៃលែង» ។

គួរបញ្ជាក់ថា រយៈពេលប្រមាណជិត១០ឆ្នាំ ពោលគឺគិតចាប់ពីឆ្នាំ២០១៤មកកម្មវិធីប្រកួតសម្រស់ និងចំណេះដឹង Miss Grand Cambodia បានរកឃើញម្ចាស់ជយលាភីចំនួន៨ជំនាន់ហើយ ក្នុងនោះមានកញ្ញា នូ ស្រីនាថ Miss Grand Cambodia ឆ្នាំ២០១៤, កញ្ញា សេង ប៉ុលវិថាវី ឆ្នាំ២០១៥, កញ្ញា ហេង ចាន់ថា ឆ្នាំ២០១៦, កញ្ញា ខ្លឹម ស្រីគា ឆ្នាំ២០១៦, កញ្ញា ឌី លីកា ឆ្នាំ២០១៨, កញ្ញា ដេត ស្រីនាថ ឆ្នាំ២០១៩ ។

ដោយឡែកនៅឆ្នាំ២០២០ ម្ចាស់ជយលាភីបានទៅលើកញ្ញា សេង រដ្ឋា ប៉ុន្តែមិនបានប៉ុន្មានស្រាប់តែកើតមានរឿងចម្រូងចម្រាស់ជាមួយអ្នកដឹកនាំកម្មវិធី ហើយកញ្ញា សេង រដ្ឋា ក៏បានប្រកាសលាលែងពីដំណែង ខណៈម្ចាស់ជយលាភីបន្តបានទៅលើកញ្ញា លី ជីវលី និងឆ្នាំ២០២១ បានទៅលើកញ្ញា ប៉ូគីមថេង សុទ្ធធីតា ។ យ៉ាងណានៅមិនទាន់មាននរណាដឹងថា ឆ្នាំ២០២២នេះ ស្រីស្អាតរូបណានឹងក្លាយជាម្ចាស់ជយលាភីកម្មវិធីលំដាប់ពិភពលោកមួយនេះឡើយ ខណៈបេក្ខភាពចូលរួមជាច្រើនបានដាក់ពាក្យប្រកួត ក្នុងនោះក៏មានស្រីស្អាត អៀ ម៉េងលិ ផងដែរ ៕