រឿងរ៉ាវស្នេហាល្បីល្បាញលំដាប់ពិភពលោកទាំងអាស៊ី និងអ៊ឺរ៉ុប ដែលកើតឡើងក្រោយការលែងលះគ្នារវាងកំពូលតារាសម្តែងចាស់វស្សាប្រចាំពិភពហូលីវូត Johnny Depp និងតារាស្រីនាង Amber Heard នៅតែជារឿងរ៉ាវមិនចប់មិនហើយទោះតុលាការប្រកាសសាលក្រមហើយក៏ដោយ។

ក្រោយចាញ់ក្ដីដែលប្ដឹងតទល់ជាមួយអតីតស្វាមី នាពេលនេះ តារាសម្ដែងស្រីនាង Amber Heard បានបង្ហាញមុខនិយាយជាលើកដំបូងជុំវិញរឿងរ៉ាវនេះ និយាយថានាងមិនបានបន្ទោសចៅក្រមដែលសម្រេចឲ្យនាងចាញ់នោះទេ។

ក្នុងវីដេអូខ្លីពីកម្មវិធី Todayរបស់ប៉ុស្តិ៍ទូរទស្សន៍ NBC តួស្រីក្នុងភាពយន្ត “Aquaman” (អាខ្វម៉េន)រូបនេះ បានលើកឡើងថា នាង អាចយល់បានអំពីហេតុផលដែលចៅក្រមបានសម្រេចឲ្យអតីតស្វាមីនាង លោក Johnny Depp ទទួលបានប្រាក់សំណងជាង ១០លានដុល្លារ។ Amber និយាយថា “គាត់គឺជាតួអង្គសំណព្វចិត្តរបស់គ្រប់គ្នា គ្រប់គ្នាគិតថាពួកគេស្គាល់គាត់ច្បាស់ គាត់ពិតជាតារាសម្ដែងដ៏អស្ចារ្យមែនទែន”។

គួររំលឹកថាតារាសម្ដែង Johnny Depp បានប្ដឹងទាមទារប្រាក់សំណង ៥០លានដុល្លារ ពីតារាសម្ដែង Amber Heard បន្ទាប់ពីរូបនាងបាននិយាយបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកទាក់ទងនឹងរឿងរ៉ាវប្រើអំពើហិង្សាក្នុងគ្រួសារ។

ក្រោយទទួលបានពាក្យបណ្ដឹងពីអតីតស្វាមី Amber Heard ក៏បានប្ដឹងបកវិញដោយទាមទារប្រាក់ចំណង ១០០លានដុល្លារ ប៉ុន្តែក្រោយឆ្លងកាត់ការកាត់ក្ដីអស់រយៈពេល៦ខែ ចៅក្រមបានសម្រេចឲ្យ Johnny Depp ជាអ្នកឈ្នះក្ដី និងបង្គាប់ឲ្យ Amber Heard សងប្រាក់សំណង ១០លានដុល្លារទៅកាន់អតីតស្វាមីផងដែរ។