ហ្គេមដែលបង្ហាញឡើងនៅក្នុងរឿងភាគ “Squid Game” ដែលជារឿងភាគដ៏ល្បីល្បាញចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ Netflix នឹងត្រូវផលិតចេញជាកម្មវិធីប្រកួតហ្គេមទូរទស្សន៍ពិតៗឈ្មោះថា “Squid Game: The Challenge”។

ទោះយ៉ាងណា អ្នកដែលចាញ់ក្នុងកម្មវិធីទូរទស្សន៍នេះនឹងមិនបាត់បង់ជីវិតដូចក្នុងសាច់រឿងឡើយ ហើយការប្រកួតដែលមានបេក្ខភាពចំនួន ៤៥៦នាក់ចូលរួមនេះ នឹងមានប្រាក់រង្វាន់រហូតដល់ ៤,៥៦លានដុល្លារ ដែល Netflix អះអាងថាជាប្រាក់រង្វាន់ច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្មវិធីទូរទស្សន៍។

កន្លងមក អ្នកផលិតវីដេអូ YouTube ដ៏ល្បីរបស់សហរដ្ឋអាមេរិកឈ្មោះថា MrBeast ធ្លាប់បានបង្កើតការប្រកួតធំមួយដែលយកលំនាំតាមភាពយន្តភាគ Squid Game ហើយអ្នកឈ្នះចុងក្រោយក្រោយទទួលបានប្រាក់រង្វាន់រហូតដល់ជិត៥០ម៉ឺនដុល្លារ។

កម្មវិធីទូរទស្សន៍ “Squid Game: The Challenge” នឹងត្រូវថតនៅចក្រភពអង់គ្លេស។បច្ចុប្បន្ននេះក្រុមការងារស្វែងរកតែបេក្ខភាពប្រកួតដែលនិយាយភាសាអង់គ្លេសតែប៉ុណ្ណោះ។

ការប្រកាសអំពីកម្មវិធីទូរទស្សន៍ដ៏ធំសម្បើមនេះ ធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយការប្រកាសជាផ្លូវការពីការវិលត្រលប់មកវិញ Squid Game វគ្គពីរ។