តារាចម្រៀង ជាអ្នកនិពន្ធទំនុកច្រៀង លោក ជុន សុធី បានបង្ហាញអារម្មណ៍រំភើបខ្លាំង ខណៈបទចម្រៀងរបស់ខ្លួនត្រូវបានផុសនៅទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

លោក ជុន សុធី ដែលសព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និង ជានាយផ្នែកបច្ចេកទេសកងឯកភាពសិល្បៈយោធាភិរម្យ ។ លោកបង្ហាញបានក្តីរំភើបរីករាយយ៉ាងខ្លាំងដែល បទចម្រៀងប្រវត្តិសាស្រ្ត ដែលមានចំណងជើងថា “ ដំណើរឆ្ពោះទៅផ្តួល រំលំរបបប្រល័យពូជ សាសន៍” ដែលជាការនិពន្ធទំនុកច្រៀង និងបកស្រាយដោយរូបលោកផ្ទាល់ បានផុសនៅលើផេកសម្តេចតេជោ ហ៊ុន សែន ។

លោក ជុន សុធី លើកឡើងថា៖”ថ្ងៃនេះអារម្មណ៍រីករាយណាស់ បទចម្រៀងប្រវត្តិសាស្រ្តដែលខ្ញុំនិពន្ធបានផុសក្នុងផេកសម្តេចពុក”។ ចម្រៀងប្រវត្ដិសាស្ដ្រមួយបទ ដែលមានចំណងជើងថា “ដំណើរឆ្ពោះទៅផ្តួល រំលំរបបប្រល័យពូជសាសន៍” គឺជាការនិពន្ធទំនុកច្រៀងនិងបកស្រាយដោយ លោក អនុសេនីយទោ ជុនសុធី នាយផ្នែកបច្ចេកទេសកងឯកភាពសិល្បៈយោធាភិរម្យ។

ចម្រៀងដ៏មានអត្ថន័យមួយបទនោះ ត្រូវបានធ្វើការចងចាំជាប្រវត្ដិសាស្ដ្រ ក្នុងការបង្ហាញពីវីរៈភាពដ៏អង់អាចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចហ៊ានស្ម័គ្រស្លាប់ មិនស្ដាយក្រោយ និងបានតស៊ូលះបង់គ្រប់បែបយ៉ាងសូម្បីតែប្រពន្ធដែលកំពុងពរផ្ទៃ ហើយចាកចេញពីប្រទេសកម្ពុជាដ៏កម្សត់នាពេលនោះជាមួយនឹងនាសារដ៏ទុក៤នាក់ទៀត យកជីវិតជាដើមទុន ដើម្បីស្វែងរកជំនួយពីប្រទេសជិតខាង(វៀតណាម) ប្រឆាំងនឹងរបបដ៏ខ្មៅងងឹត យង់ឃ្នង ដែលបានសម្លាប់ជាតិសាសន៍ឯងយ៉ាងរង្គាល។

លោកបន្តថា យើងចងចាំរបបដ៏ព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រទេសមានសុខសន្ដិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ ។

បទចម្រៀង( ដំណើរឆ្ពោះទៅផ្តួល រំលំរបបប្រល័យពូជ សាសន៍) នេះដែរ គឺចង់រំលឹកទៅអតីតកាលពី ៤៧ឆ្នាំមុន នៃការឡើងនៃរបប “ កម្ពុជាប្រជាធិបតេយ្យ” ដែលបន្ទាប់មកបានក្លាយទៅជារបប “ ប្រល័យពូជសាសន៍ ប៉ុលពត” ឬហៅថា “របបខ្មែរក្រហម”។

កាលពី ៤៧ ឆ្នាំមុន គឺថ្ងៃដែលរបបអាវ ខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ និងបានបង្ខំអោយធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានជួបជុំក្រុមគ្រួសារឡើយ ។ កុំថាឡើយសិទ្ធិផ្សេងៗដូចសព្វថ្ងៃនេះ សូម្បីតែសិទ្ធិរស់រានមានជីវិតនៅក្នុងរបបនោះគឺគ្មានផង។