កំពូលតារាតួស្តេចល្បែងលោក Chow Yun Fat តារាសំណព្វចិត្តមហាជន ទទួលបានការលើកសរសើរ ពីរូបភាពនឹងសុខភាពរបស់លោក ទោះលោកមានវ័យជ្រេ៦៧ឆ្នាំទៅហើយក្តី។

ជារឿងដែលដឹងជាទូទៅទៅហើយដែលថា លោក Chow Yun Fat ជាកំពូលតារាទទួលបានការស្រឡាញ់គាំទ្រពីមហាជននៅទូទាំងពិភពលោក។ ដោយហេតុដូច្នេះហើយទើបកេរ្តិ៍ឈ្មោះរបស់តារាសម្តែងរូបនេះនៅតែស្ថិតនៅក្នុងបេះដូងមហាជនជាដរាបរៀងមកចាប់តាំងពីលោកចូលប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ១៩៧៣ បន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ហើយបើទោះបីជាលោកមានទ្រព្យសម្បត្តិរហូតដល់ច្រើនជាង២០០លានដុល្លារអាមេរិក ក៏ជាទូទៅតារាភាពយន្តចាស់វស្សារូបនេះ តែងតែបង្ហាញវត្តមានជាធម្មតាជាមួយមហាជននៅតាមបណ្តាទីកន្លែងសាធារណៈ។ លោកចូលរួមសកម្មភាពផ្សេងៗប្រចាំថ្ងៃមានដូចជារត់ហាត់កីឡាឬទិញអាហារជាដើម។

ថ្មីៗនេះ ក្រុមអ្នកគាំទ្របានឃើញតារាភាពយន្តលោក Chow Yun Fat រត់ហាត់ប្រាណនៅទីសាធារណៈ ក្នុងទីក្រុងហុងកុង ប្រទេសចិន។ ដោយសារក្តីស្រឡាញ់លើសលុបស្ថិតនៅក្នុងចិត្តមហាជនទៅហើយ ទោះជាលោក Chow Yun Fat ស្លៀកសម្លៀកបំពាក់ឈុតខ្មៅ ពាក់មួក និងពាក់ម៉ាស់ការពារមេរោគកូវីដ១៩ក៏ដោយ ក៏មហាជននៅក្នុងទីក្រុងហិរញ្ញវត្ថុពិភពលោកមួយនេះនៅតែអាចមើលស្គាល់ថាជាលោក Chow Yun Fat។

មហាជនដែលបានឃើញលោក Chow Yun Fat ប្រាប់ថា មិនចង់រំខានការហាត់ប្រាណរបស់លោក Fat ទេ ដូច្នេះនាងក៏លួចថតលោកពីក្រោយ ហើយក៏ចែករំលែករូបភាពទៅកាន់ក្រុមអ្នកគាំទ្រផ្សេងទៀតនៅលើបណ្តាញអនឡាញ។ នៅពេលលោករត់កីឡា ហើយជួបមហាជនដែលអាចចំណាំលោកបានថាជាតារាភាពយន្ត Chow Yun Fat សុភាពបុរសម្នាក់នេះ តែងតែតបរាក់ទងទៅអ្នកគាំទ្រវិញយ៉ាងគួរសម។

លើបណ្តាញអនឡាញ ក្រុមអ្នកគាំទ្របានលើកសរសើតារាភាពយន្តរូបនេះថា មើលតែពីក្រោយក៏តារាភាពយន្ត Chow Yun Fat នៅតែក្មេង ។ រាងកាយលោកពិតជានៅតែសង្ហារ។ អ្នកខ្លះផ្សេងទៀតបានលើកសរសើរថា លោក Chow Yun Fat ពិតជារាក់ទាក់ខ្លាំងណាស់។